កាហ្សាក់ស្ថាន៖ នាយកប្រតិបត្តិលោក Peter Foster បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនអាកាសចរណ៍ Air Astana របស់ប្រទេសកាហ្សាក់ស្ថានកំពុងពន្លឿនផែនការពង្រីកខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ពីការធ្លាក់ចុះការធ្វើចរាចរណ៍ផ្លូវអាកាសកាត់តាមប្រទេសរុស្ស៊ី និងការបើកប្រទេសឡើងវិញរបស់ប្រទេសចិន។

ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជាច្រើន បានផ្អាកជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។ ជាលទ្ធផលទីក្រុងមូស្គូបានបាត់បង់តួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលសម្រាប់ជើងហោះហើររវាងអឺរ៉ុប និងអាស៊ី ដែលអនុញ្ញាតឱ្យប្រទេសកាហ្សាក់ស្ថាននៅជិតខាងភាគខាងត្បូងរបស់ខ្លួនបង្កើនចំណែកទីផ្សារ។ លោក Foster បាននិយាយនៅក្នុងបទសម្ភាសន៍ថា មុនពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ការធ្វើចរាចរណ៍ច្រើនជាទូទៅធ្វើដំណើរទៅគោលដៅភាគខាងលិច មិនថាទៅកាន់អឺរ៉ុប ឬទៅកាន់សហរដ្ឋអាមេរិកនោះទេគឺធ្វើដំណើរពីតំបន់នេះកាត់តាមសហព័ន្ធរុស្ស៊ី។ ជាការពិត វាលែងជាបញ្ហាទៀតហើយ។ ដូច្នេះហើយអ្វីដែលបានកើតឡើងគឺមានការផ្លាស់ប្ដូរបន្ទុកធ្ងន់ធ្ងរ ហើយយើងត្រូវបានគេដាក់ទីតាំងយ៉ាងល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Air Astana ដែលជាកម្មសិទ្ធិមួយផ្នែករបស់ក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេស បានប្រកាសប្រាក់ចំណេញខ្ពស់ចំនួន ៧៨.៤លានដុល្លារកាលពីឆ្នាំមុន ខណៈចរាចរណ៍របស់ខ្លួនបានកើនឡើង ១១% ចំពោះអ្នកដំណើរ ៧.៤លាននាក់ ទោះបីជាក្រុមហ៊ុននេះក៏បានបញ្ឈប់ជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ។ លោក Foster និយាយថា ក្រុមហ៊ុនមានផែនការបង្កើនយន្តហោះរបស់ខ្លួនរហូតដល់ ៥០គ្រឿងនៅចុងឆ្នាំនេះពីចំនួនយន្តហោះ ៤៤គ្រឿងនាពេលបច្ចុប្បន្ន ហើយកំពុងពន្លឿនផែនការពង្រីកសម្រាប់ឆ្នាំខាងមុខ។ លោកនិយាយថា យើងកំពុងធ្វើការបញ្ជាទិញបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤-២០២៧។ យើងមើលឃើញឱកាសដ៏ធំនៅក្នុងប្រទេសចិន ខណៈប្រទេសចិនបានបើកប្រទេសម្តងទៀត បន្ទាប់ពីជំងឺកូវីដ ហើយប្រទេសឥណ្ឌាក៏កំពុងដំណើរការល្អ រួមនឹងប៉ាគីស្ថានក៏ជាទីផ្សាររីកចម្រើនផងដែរ៕
អត្ថបទ៖ ប៊ុនថន