កោះតៃវ៉ាន់៖ គណបក្សនយោបាយ និងអង្គការជាច្រើននៅកោះតៃវ៉ាន់បានធ្វើបាតុកម្មរួមគ្នាក្នុងទីក្រុងតៃប៉ិ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះជំនួបដ៏មានសក្តានុពលរវាងមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងអ្នកនយោបាយប្រឆាំងចិនមួយចំនួនរបស់អាមេរិក។

យុទ្ធនាការរួមគ្នាបានតវ៉ាប្រឆាំងជំនួបដែលបានគ្រោងទុករបស់លោកស្រី Tsai នៅសហរដ្ឋអាមេរិក ដែលបានរៀបចំក្រោមលេសនៃអ្វីដែលគេហៅថា «ផែនការផ្លាស់ប្តូរ» ដោយចាត់ទុកជំនួបនេះថាជាការប៉ុនប៉ងដើម្បីស្វែងរកឯករាជ្យភាពកោះតៃវ៉ាន់។ ដោយរៀបចំដោយវេទិកាសន្តិភាព និងការអភិវឌ្ឍន៍ឆ្លងច្រកសមុទ្រ មនុស្សប្រមាណ ២០០នាក់មកពីគ្រប់ទីកន្លែងបានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះឯករាជ្យភាពកោះតៃវ៉ាន់ និងការជ្រៀតជ្រែករបស់បរទេស។ អ្នកតំណាងក្រុមអ្នកតវ៉ាវ័យក្មេងបានបង្ហាញការតវ៉ាជាលាយលក្ខណ៍អក្សរ ទៅកាន់តំណាងមកពីការិយាល័យមេដឹកនាំកោះ។
ក្រុមបាតុករបានចេញសេចក្តីថ្លែងការណ៍ និងបាននិយាយថា ទង្វើរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដើម្បីរួមគំនិតជាមួយអ្នកនយោបាយអាមេរិកបានក្បត់កោះតៃវ៉ាន់ និងស្មើនឹងធ្វើឱ្យខ្លួនឯងជាសត្រូវរបស់ប្រជាជនកោះតៃវ៉ាន់។ ពួកគេបានទទូចថា ប្រជាជនតៃវ៉ាន់មិនត្រូវអង្គុយនៅស្ងៀមនៅចំពោះមុខការឃុបឃិតគ្នារវាងកោះនេះ និងសហរដ្ឋអាមេរិកឡើយ។ លោក Wu Jung-yuan អ្នករៀបចំវេទិកាសន្តិភាព និងអភិវឌ្ឍន៍ឆ្លងច្រកសមុទ្រ និងជាប្រធានគណបក្សការងារកោះតៃវ៉ាន់បាននិយាយថា ការប៉ុនប៉ងឃុបឃិតជាមួយសហរដ្ឋអាមេរិក និងស្វែងរកឯករាជ្យភាពកោះតៃវ៉ាន់ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនទាំងសងខាង៕
អត្ថបទ៖ ប៊ុនថន