អាមេរិក៖ សេតវិមានកាលពីថ្ងៃពុធបានជំរុញចិន កុំឲ្យប្រើការឈប់សំចតជាធម្មតារបស់មេដឹកនាំកោះតៃវ៉ាន់នៅក្នុងសហរដ្ឋអាមេរិក ជាលេសក្នុងការបង្កើនសកម្មភាពដាក់សម្ពាធប្រឆាំងកោះតៃវ៉ាន់។
លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការមកដល់របស់មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងសហរដ្ឋអាមេរិកគឺជាទម្លាប់នៃការឈប់សំចតជាបន្តបន្ទាប់ចុងក្រោយ។ លោកថា សាធារណរដ្ឋប្រជាមានិតចិនមិនគួរប្រើប្រាស់ការឈប់សំចតនេះ ជាលេសក្នុងការបង្កើនសកម្មភាពណាមួយជុំវិញច្រកសមុទ្រតៃវ៉ាន់ឡើយ។ លោក Kirby និយាយថា យើងគិតថា ស្ថានភាពរវាងសហរដ្ឋអាមេរិក និងចិននៅពេលនេះគឺតានតឹងខ្លាំង ប៉ុន្តែលោកបានជំរុញទីក្រុងប៉េកាំងរក្សាការបើចំហច្រកបន្ទាត់ទំនាក់ទំនង។
រដ្ឋាភិបាលចិនបានព្រមានសងសឹកបើមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ជួបប្រធានសភាអាមេរិកអំឡុងទស្សនកិច្ចនៅសប្ដាហ៍នេះ និងបានជំរុញឲ្យសហរដ្ឋអាមេរិកកុំអនុញ្ញាតឲ្យលោកស្រីឈប់សំចតឆ្លងកាត់សហរដ្ឋអាមេរិក ដោយនិយាយថា ទង្វើនេះនឹងនាំឲ្យមានបញ្ហាកើតឡើង៕
អត្ថបទ៖ សុខមាន