ហ្វីលីពីន ៖ យោងតាមអភិបាលខេត្ត បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សាឡាងដែលកំពុងដឹកអ្នកដំណើរ និងនាវិកប្រហែល ២៥០ នាក់ បានឆាបឆេះនៅចន្លោះកោះប្រទេសហ្វីលីពីន បណ្តាលឲ្យអ្នកស្លាប់បានកើនឡើងដល់ ៣១ នាក់ និង៧នាក់នៅបាត់ខ្លួននៅឡើយ។
អភិបាលខេត្តកោះ Basilan ភាគខាងត្បូងលោក Jim Hataman បាននិយាយថា មនុស្សភាគច្រើនជាអ្នកដែលត្រូវបានជួយសង្គ្រោះ បានលោតចេញពីលើសាឡាងដោយភ័យស្លន់ស្លោចំពោះអគ្គិភ័យដ៏ធំសម្បើមនេះ ហើយត្រូវបានជួយសង្គ្រោះចេញពីសមុទ្រដោយឆ្មាំសមុទ្រ កងទ័ពជើងទឹក សាឡាងផ្សេងទៀត និងអ្នកនេសាទនៅក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅថ្ងៃព្រហស្បតិ៍នេះ។
អភិបាលខេត្តនិយាយថា ភាគច្រើននៃអ្នកដែលជិះលើសាឡាង MV Lady Mary Joy 3 ត្រូវបានជួយសង្គ្រោះពេញមួយយប់ ប៉ុន្តែអាជ្ញាធរកំពុងពិនិត្យចំនួនឡើងវិញពីក្រុមជួយសង្គ្រោះផ្សេងៗគ្នា ដោយបង្ហាញថា តួលេខអាចមានការផ្លាស់ប្តូរ។ លោកនិយាយថា សាឡាងកំពុងធ្វើដំណើរទៅកាន់ក្រុង Jolo ក្នុងខេត្ត Sulu ពីទីក្រុងកំពង់ផែ Zamboanga ភាគខាងត្បូង នៅពេលនោះវាបានឆេះនៅកណ្តាលផ្លូវ ជិតក្រុង Basilan ជិតពាក់កណ្តាលអធ្រាត្រ។ អ្នកស្លាប់រួមមានកុមារយ៉ាងហោចណាស់បីនាក់ ដែលទំនងជាបែកពីឪពុកម្តាយ ហើយអ្នកដំណើរជាច្រើននាក់បានរងរបួស ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។
អ្នកដំណើរមួយចំនួនបានភ្ញាក់ពីដំណេក ដោយសារតែភាពចលាចលដែលបង្កឡើងដោយអគ្គិភ័យ ខណៈអ្នកខ្លះទៀតបានលោតចេញពីសាឡាង។ មន្ត្រីនិយាយថា អ្នកស្លាប់ភាគច្រើនបានលង់ទឹក ហើយត្រូវបានរកឃើញនៅសមុទ្រ។ លោក Hataman និយាយថា សាឡាងដែលឆេះត្រូវបានអូសសណ្តោងទៅកាន់ច្រាំងទន្លេទីក្រុង Basilan ហើយការស៊ើបអង្កេតកំពុងធ្វើឡើង។
