ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់ចេញបទបញ្ជាមិនឱ្យមានការលក់សំបុត្រចំពោះការចូលទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នោះឡើយ ដោយសម្ដេចប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។
ការចេញបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បន្ទាប់ពីសម្ដេចតេជោទទួលបានព័ត៌មានតាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិថាមានការផ្សព្វផ្សាយថាមានការលក់សំបុត្រចូលទស្សនាក្នុងពេលពិធីបើក និងពិធីបិទ កីឡាស៊ីហ្គេមនៅកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងបានចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
សម្ដេចតេជោបានបញ្ជាក់ថា ករណីនេះមិនមែនជាកំហុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ប៉ុន្ដែសម្ដេចតេជោ បញ្ជាក់ថានឹងរកអ្នកដែលទទួលខុសត្រូវលើការផ្សព្វផ្សាយពីការលក់សំបុត្រសម្រាប់ទស្សនាពេលពិធីបើក និងបិទកីឡាស៊ីហ្គេមនេះ ដែលកត្តានេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ដែលកម្ពុជាបានរងចាំអស់រយៈពេល ៤៤ ឆ្នាំ និងចំណាយធនធានអស់យ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីកើតចេញជារូបរាងនៃការប្រកួតដ៏អស្ចារ្យមួយនេះ។
សម្ដេចតេជោបញ្ជាក់ថា គ្មានការបង់ប្រាក់ណាមួយ សម្រាប់ប្រជាជនចូលទៅទស្សនាក្នុងពិធីបើក-បិទ និង ទស្សនាគ្រប់វិញ្ញាសារនៃការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានោះឡើយ។
គួរបញ្ជាក់ថា ថ្ងៃទី៣០ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៣៦ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ៕ អត្ថបទ ៖ វ៉ន ដារ៉ា
