កំពង់ធំ ÷ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រមាណ៥០០នាក់ បន្តចុះផ្តល់សេវាថែទាំសុខភាព និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកអំណោយថ្នាំពេទ្យ និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤៧៦នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកឱសថ និងបណ្តុះបណ្តាលសង្រ្គោះបឋម ហើយនិងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដល់ដូសទី៦ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៦៧៣៩នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
កម្មវិធីនេះ មានកិច្ចសហការពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ មន្ទីរជុំវិញខេត្ត ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងក្រុមការងារ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ ដារី តំណាង ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ។
ឯកឧត្តម ញឹក បានខេង បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកំពង់ធំ ក្នុងការពិនិត្យ និងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃព្រមទាំងចុះចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣០ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ (មួយម៉ឺនមួយពាន់ប្រាំពីររយប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៣៦៥នាក់ (ប្រាំមួយពាន់មីរយហុកសិបប្រាំនាក់) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៩០៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៦៦,៧៩៩នាក់ (ដប់មួយលាន ហាសិបប្រាំមួយម៉ឺន ប្រាំមួយពាន់ ប្រាំពីររយ កៅសិប ប្រាំបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩១០,២៩០នាក់ (ប្រាំលាន កៅសិបមួយម៉ឺន ពីររយ កៅសិប នាក់) គិតត្រឹម ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ បានចំនួនបានចំនួន ២ ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លាន សែសិបមួយម៉ឺនប្រាំពីរពាន់បួន ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ÷ រដ្ឋា











