អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូនគណៈប្រតិភូមួយក្រុមទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្ដល់ស្បៀងអាហារជាថ្នូរនឹងការបញ្ជូនអាវុធឲ្យរុស្ស៊ីវិញ។
លោក Kirby បាននិយាយថា កិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្សីនឹងបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិកធ្លាប់បានចោទកូរ៉េខាងជើង ពីបទផ្គត់ផ្គង់អាវុធឲ្យទៅយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងក្រុមទាហានស៊ីឈ្នួលវ៉េកនើគ្រុបរបស់រុស្ស៊ី។ តែថ្មីៗនេះទីក្រុងព្យុងយ៉ាងបានទាត់ចោលការអះអាងនេះ។ លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមានព័ត៌មានស្ដីពីកិច្ចព្រមព្រៀងនេះ។
លោកថា យើងក៏បានយល់ដែរថា រុស្ស៊ីកំពុងព្យាយាមបញ្ជូនគណៈប្រតិភូមួយក្រុមទៅកូរ៉េខាងជើង ហើយថា រុស្ស៊ីកំពុងផ្ដល់ស្បៀងអាហារឲ្យទៅកូរ៉េខាងជើងជាថ្នូរនឹងការផ្ដល់អាវុធឲ្យខ្លួនវិញ។ កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក និងធ្លាប់ជួបប្រទះកង្វះស្បៀងអាហាររ៉ាំរ៉ៃជាច្រើនទសវត្សរ៍ រួមទាំងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរចាប់ពីពាក់កណ្ដាលដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០៕
អត្ថបទ៖ សុខមាន