ឥណ្ឌូនេស៊ី៖ មន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ លើទឹកដីរបស់ខ្លួននាល្ងាចថ្ងៃទី០១ ខែមេសាចុងសប្ដាហ៍នេះនៅជុំវិញពហុកីឡដ្ឋាន Gelora Bung Karno នារដ្ឋធានីហ្សាកាតា។
នេះបើតាមការបញ្ជាក់របស់លោក Harry Warganegara Harun អគ្គលេខាធិការរងទទួលបន្ទុកទំនាក់ទំនងអន្ដរជាតិ តំណាងប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដឹកនាំដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី នារដ្ឋធានីហ្សាកាតានៅព្រឹកថ្ងៃទី៣០ ខែមីនា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីផងដែរ។ លោក Harry Warganegara Harun បានបង្ហាញសេចក្ដីរីករាយចំពោះវត្តមានប្រតិភូកម្ពុជា ពិសេសពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់លើទឹកដីរបស់ខ្លួន ដោយក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី រីករាយផ្ដល់កិច្ចសហការគ្រប់បែបយ៉ាង ដើម្បីរួមចំណែករៀបចំពិធីដង្ហែនេះឲ្យទទួលបានជោគជ័យ ឆ្ពោះទៅរកពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលឆាប់ៗខាងមុខ។
ជាមួយគ្នាឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណអាជ្ញាធរ ក៏ដូចជារដ្ឋអំណាចកីឡាឥណ្ឌូនេស៊ី ពិសេសគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ីដែលបានគាំទ្រ និងចូលរួមសហការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យនេះ។ ឯកឧត្តមបន្ដថា តាមគម្រោងពិធីដង្ហែនាល្ងាចថ្ងៃសៅរ៍នេះនឹងមានអ្នកចូលរួមរត់ប្រមាណជាង ៣០០នាក់ ក្នុងនោះក៏មានមន្ដ្រីទូត និងតំណាងក្រសួងការបរទេស កីឡាករ-កីឡាការិនី ព្រមទាំងវត្តមានកីឡាករ-កីឡាការិនីគុនល្បុក្កតោដែលកំពុងហ្វឹកហាត់នៅទីនោះផងដែរ៕
អត្ថបទ៖ លី ឈុនឡា