វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Carlos Alcaraz ត្រូវការឈ្នះពីរប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកវាយកូនបាល់ Miami Open នៅសហរដ្ឋអាមេរិកក្រោយយកឈ្នះកីឡាករម្ចាស់ស្រុក Taylor Fritz ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាការប្រកួតរវាងកីឡាករលំដាប់គុណភាពទាំងពីរនាក់ អ្នកការពារតំណែងជើងឯក Carlos Alcaraz មិនភ្លាត់សូម្បីតែមួយ Breakpoint ដោយយកឈ្នះ Taylor Fritz លទ្ធផល ២សិតផ្ទួនៗ ៦-៤ និង ៦-២។ មុនជួបគ្នានៅវគ្គ ៨នាក់ចុងក្រោយនេះ កីឡាករទាំងពីរឡើងមកដល់វគ្គនេះដោយមិនចាញ់សូម្បីមួយសិតដូចគ្នា។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carlos Alcaraz នឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ ១០ សញ្ជាតិអ៊ីតាលី Jannik Sinner។ ងាកមកមួយប្រកួតទៀត កីឡាកររុស្ស៊ី Daniil Medvedev ក៏បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិកដែលមកពីវគ្គជម្រុះ Christopher Eubank ៦-៣ និង ៧-៥។
ម្ចាស់ជើងឯក US Open ឆ្នាំ២០២១ Daniil Medvedev នឹងបន្តជួបជាមួយមិត្តរួមជាតិរុស្ស៊ី Karen Khachanov នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែកសម្រាប់ផ្នែកនារីវិញ កីឡាការិនីឆែក Petra Kvitova បានយកឈ្នះកីឡាការិនីរុស្ស៊ី Ekaterina Alexandrova។ ការប្រកួតដែលមានការពន្យាពេលដោយសារភ្លៀងធ្លាក់នោះ ជើងឯក Wimbledon ពីរសម័យ Petra Kvitova បានយកឈ្នះដោយលទ្ធផល ៦-៤, ៣-៦ និង ៦-៣ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីពជួបជាមួយកីឡាការិនីរ៉ូម៉ានី Sorana Cirstea៕
អត្ថបទ៖នាង សុភាវុធ