ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា មនុស្ស ៦នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខផ្លូវការនៃអ្នកស្លាប់សរុបកើនដល់ ១០៣នាក់៕
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សទាំង ៦នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺជាពលរដ្ឋខ្មែរទាំងអស់ ក្នុងនោះមានស្ត្រី ២នាក់ផងដែរ។
ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសជនជាតិខ្មែរម្នាក់អាយុ ៧១ឆ្នាំ ដែលរស់នៅក្នុងក្រុងតាខ្មៅ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៨ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងឱ្យដឹងទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៧១ឆ្នាំដែលរស់នៅក្នុងសង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរកាលពីថ្ងៃទី៣០ ខែមេសា តែ ២ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ចំណែកនៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងងសុខាភិបាលឱ្យដឹងថា ស្ត្រីអាយុ ៧៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃម្សិលមិញនេះ ៨ថ្ងៃក្រោយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
នៅឯមណ្ឌលសុខភាពចាក់អង្រែវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសអាយុ ៦១ឆ្នាំដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់កាលពីថ្ងៃម្សិលមិញដែរ តែ ២ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅឯមន្ទីរពេទ្យហ្លួងម៉ែ ក្រសួងសុខាភិបាលនិយាយថា ស្ត្រីម្នាក់អាយុ ៥៩ឆ្នាំដែលរស់នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បានស្លាប់កាលពីថ្ងៃម្សិលមិញ ១៦ថ្ងៃក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ ៤៥ឆ្នាំដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យហ្លួងម៉ែតផងដែរកាលពីថ្ងៃម្សិលមិញនេះ តែ ១ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
អ្នកជំងឺទាំងអស់ ក្រសួងសុខាភិបាលបញ្ជាក់ថា សុទ្ធតែរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា បានកើនឡើងដល់ ១០៣នាក់ហើយនៅក្នុងរយៈពេល ៥០ថ្ងៃក្រោយពីករណីស្លាប់លើកដំបូងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕

