ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យ ដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ«នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញ អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។
ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ ឲ្យកាន់តែមាន ប្រសិទ្ធភាពព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេ គង្គ៕អត្ថបទ៖ បាន ចក់



