បារាំង៖ ធុងសំរាមត្រូវបានដុតនៅកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលមានបាតុកម្មដោយសន្តិវិធី ចូលរួមដោយមនុស្សរាប់រយនាក់ ប្រឆាំងនឹងអ្វីដែលគេចាត់ទុកថាជាការប្រើកម្លាំងនគរបាលជ្រុលហួសហេតុ ក្នុងអំឡុងពេលរលកនៃការតវ៉ាថ្មីៗនេះនៅក្នុងប្រទេសបារាំង។

ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ពន្លត់ភ្លើង ហើយនគរបាលមួយចំនួនប្រដាប់ដោយអាវុធ បានដឹកនាំប្រតិបត្តិការរហូតដល់ពេលយប់នៅជិតសាលាក្រុងប៉ារីស ជាកន្លែងដែលមនុស្សរាប់រយនាក់ធ្វើការតវ៉ាកាលពីពេលមុន។ ក្នុងអំឡុងពេលនៃការតវ៉ា នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីរុញច្រានក្រុមបាតុករមួយចំនួនដែលបានគប់កាំជ្រួចភ្ញី និងវត្ថុផ្សេងទៀតនៅពេលពួកគេឆ្លងកាត់ទីតាំង ដើម្បីចូលទៅជិតតំបន់សំណង់ដែលមានព័ន្ធរបងជុំវិញ។ វីដេអូលើបុស្តិ៍ទូរទស្សន៍បានបង្ហាញឱ្យឃើញ យ៉ាងហោចណាស់រថយន្តនគរបាលពីរគ្រឿងបានឆេះ ហើយ រដ្ឋាភិបាលបានដាក់ពង្រាយនគរបាលជាង ៣.០០០នាក់សម្រាប់បាតុកម្ម។
បាតុករម្នាក់ដែលបានបង្ហាញអត្តសញ្ញាណខ្លួនថា ឈ្មោះ Benjamin បាននិយាយថា លោកមកទីនេះ ព្រោះលោកប្រឆាំងនឹងការបង្ក្រាបរបស់នគរបាលប្រើកម្លាំងខ្លាំងបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ក្រាបនេះដែលបន្តកាន់តែខ្លាំង ហើយដោយការចាប់ខ្លួនដ៏គ្រោះថ្នាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងទីក្រុងប៉ារីស ដោយបង្កើនវត្តមាននគរបាលយ៉ាងច្រើន។ រដ្ឋាភិបាលចាប់តាំងពីពាក់កណ្តាលខែមករាមក បាននឹងកំពុងប្រឈមការតវ៉ានៅទូទាំងប្រទេសប្រឆាំងផែនការរបស់ខ្លួន ក្នុងការបង្កើនអាយុសោធននិវត្តន៍រហូតដល់ ២ឆ្នាំពីអាយុ ៦២ ដល់ ៦៤ឆ្នាំ។ ក្រុមអ្នកតវ៉ាបានរិះគន់ចំពោះវត្តមានដ៏ច្រើនរបស់នគរបាល ហើយអ្នកមួយចំនួនបានថ្កោលទោសការចាប់ខ្លួនមនុស្សច្រើននាក់៕
អត្ថបទ៖ ប៊ុនថន