ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ដែលធ្វើការលើវិស័យពិការភាព បានរៀបចំសិក្ខាសាលា ដោយអញ្ជើញបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការសិក្សា និងពិភាក្សាបន្ថែម ពីការផ្ដល់សេវាហិរញ្ញវត្ថុជូនជនមានពិការភាពឱ្យកាន់តែមានភាពប្រសើរ និងមានភាពងាយស្រួល។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្ដីពី “បរិយាបន្នពិការភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ”។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចបានលើកឡើងទៅកាន់តំណាងធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានវត្តមានក្នុងសិក្ខាសាលាថា សិក្ខាសាលានេះ ជាឱកាសល្អសម្រាប់ការចែករំលែកនូវបទពិសោធន៍ និងករណីសិក្សាជាក់ស្តែង នៃការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព។
ឯកឧត្តមបន្តថា នេះជាមូលដ្ឋានគំនិតសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានាពិចារណាដាក់បញ្ចូលជាអាទិភាពសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព។
ឯកឧត្តមបន្តថា ជនមានពិការភាពត្រូវការចាំបាច់នូវព័ត៌មានពីរបៀបទទួលបានសេវាហិរញ្ញវត្ថុដែលមានការគ្រប់គ្រង និងប្រើប្រាស់ផលិតផលហិរញ្ញវត្ថុដោយសុវត្ថិភាព។ ដូច្នេះ អ្នកផ្តល់សេវាហិរញ្ញវត្ថុ គួរពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យផលិតផលនិងសេវាកម្មរបស់ខ្លួន អាចប្រើប្រាស់និងទទួលយកបានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។ជារួម ដើម្បីធានាដល់សន្តិសុខសេដ្ឋកិច្ច និងស្វ័យភាពរបស់ជនមានពិការភាព ពួកគេចាំបាច់ត្រូវការលទ្ធភាពទទួលបានដើមទុនកម្ចីដើម្បីវិនិយោគក្នុងសកម្មភាពអាជីវកម្ម និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត ដូចជាប្រាក់បញ្ញើ ការទូទាត់ និងការធានារ៉ាប់រង ជាដើម។
សូមបញ្ជាក់ថា ជាក់ស្ដែងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ បានផ្តោតលើការកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់ជីវភាព និងការទទួលបានសេវាកម្មនានា រួមទាំងការបង្កើនការងារ និងឱកាសសហគ្រិនភាពសម្រាប់ជនមានពិការភាពផងដែរ៕អត្ថបទ៖ គឹមហុក