សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ភូមិពោធិ៍ ស្ថិតក្នុងស្រុកជីក្រែង ហើយដាក់ជាតំបន់ផ្ទុះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃម្សិលមិញនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ជាឱ្យបិទខ្ទប់ភូមិពោធិ៍ ស្ថិតក្នុងឃុំពង្រក្រោម រយៈពេល ២សប្ដាហ៍ចាប់ពីថ្ងៃម្សិលមិញនេះរហូតដល់ថ្ងៃទី១៤ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សេចក្ដីសម្រេចនេះ វិធានបិទខ្ទប់នេះហាមឃាត់រាល់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីស្នាក់អាស្រ័យបច្ចុប្បន្នរបស់ពលរដ្ឋនៅក្នុងភូមិនេះ ប៉ុន្តែ លើកលែងករណីចាំបាច់ ឬបន្ទាន់តែប៉ុណ្ណោះ។
វិធានការនេះក៏ហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សផងដែរ ប៉ុន្តែ ក៏ផ្ដល់ការលើកលែងចំពោះការជួបជុំសមាជិកក្រុមគ្រួសារ ឬករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។
ចំណែកឯសកម្មភាពអាជីវកម្ម ឬការលក់ដូរ ដែលមិនមែនចាំបាច់ប្រចាំថ្ងៃ ក៏ត្រូវបានហាមឃាត់ផងដែរ ប៉ុន្តែ ក៏ផ្ដល់ការលើកលែងដល់សកម្មភាពមួយចំនួនផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ខេត្តសៀមរាបរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩សរុប ៤៨នាក់ហើយ ក្នុងនោះខេត្តនេះរកឃើញករណីឆ្លងថ្មី ២នាក់ថែមទៀតដែលក្រសួងប្រកាសនៅថ្ងៃនេះ៕