ស្វាយរៀង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងរដ្ឋបាលខេត្តកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកដីប្រារព្ធពិធីរៀបចំសង្ក្រាន្តស្វាយរៀងឆ្នាំ២០២៣ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីសាធារណៈរង្វង់មូលក្រុង ក្រោមវត្តមានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំសង្ក្រាន្ត បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា នៅឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមន្ទីរពាក់ព័ន្ធគ្រោងរៀបចំចង្ក្រានមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ (ជួបជុំរីករាយបញ្ចេញស្នាមញញឹមក្រោមដំបូលសន្តិភាព)។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តស្វាយរៀងបានខកខានរៀបចំសង្ក្រាន្តរយៈពេល ៣ឆ្នាំជាប់ៗគ្នាដោយវិបត្តិជំងឺ Covid-19 តែសម្រាប់ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តបានរៀបចំឡើងវិញ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនបានជួបជុំសប្បាយ ក្នុងនោះរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង មន្ទីរពាក់ព័ន្ធគ្រោងរៀបចំកន្លែងលេងកម្សាន្ដសប្បាយចំនួន ៩ទីតាំងធំៗ ពិសេសការរៀបចំតាំងពិព័រណ៍បង្ហាញផលិតផល ដែលកើតចេញពីស្នាដៃរបស់ពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដើម្បីបង្ហាញចែកជូនពលរដ្ឋក្នុង និងក្រៅខេត្តទស្សនា និងជាវផលិតផលរបស់ស្នាដៃកូនខ្មែរអ្នកខេត្តស្វាយរៀងយកប្រើប្រាស់ផងដែរ។
លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំផ្ដល់ឲ្យពលរដ្ឋ ពិសេសយុវជន និងកុមារចូលលេងកម្សាន្តសប្បាយតាមទីតាំងសំខាន់ៗទាំង ៩កន្លែង ក្រុមការងាររៀបចំសង្ក្រាន្តក៏បានរៀបចំទីតាំង ដើម្បីឱ្យពលរដ្ឋ មន្ត្រីរាជការចូលប្រតិបត្តិតាមបែបសាសនា រួមមានស្រង់ព្រះ និងបណ្ដែតប្រទីបក្នុងទន្លេវ៉ៃគោ និងបង្ហោះគោមនៅពេលរាត្រីផងដែរ៕ អត្ថបទ៖ ភា សារិទ្ធ