កំពត៖ សិស្សានុសិស្សថ្នាក់វិទ្យាល័យនៅខេត្តកំពតយល់ឃើញថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមសាលារៀនមានសារៈសំខាន់ច្រើនយ៉ាង ប៉ុន្តែជារួមក្រៅអំពីកម្សាន្តសប្បាយ សង្ក្រាន្តមានគោលបំណងពីរធំៗគឺបង្ហាញសមិទ្ធិផលសិស្ស ផលិតផលបូរាណខ្មែរ និងការចូលរួមលើកតម្កើង និងអភិរក្សល្បែង និងរបាំប្រពៃណីរបស់ខ្មែរកុំឲ្យបាត់បង់។
សិស្សានុសិស្សវិទ្យាល័យព្រះរាជសម្ភារ ក្រុងកំពតបានលើកឡើងថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មីជាប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណមក ដើម្បីផ្តល់ឱកាសឲ្យមានការជួបជុំ លេងល្បែង និងរបាំប្រជាប្រិយរបស់ខ្មែរ។ ប៉ុន្តែសង្ក្រាន្តនៅតាមសាលារៀនបច្ចុប្បន្នមានអត្ថន័យលើសពីការកម្សាន្តសប្បាយ។ ចំណែកសិស្សានុសិស្សនៅវិទ្យាមិត្តភាពកម្ពុជា-ជប៉ុន (កំពតក្រុង) បានបញ្ជាក់ឲ្យដឹងដែរថា សង្ក្រាន្តវិទ្យាល័យឆ្នាំនេះនឹងគាស់រំលើងល្បែង និងរបាំប្រជាប្រិយបុរាណមកបង្ហាញផង និងផលិតផលសក្ដានុពលរបស់ខ្មែរផង។
សិស្សានុសិស្សទាំងអស់នោះបានបញ្ជាក់ថា ពួកគេគាំទ្រ ហើយសប្បាយចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមបង្កើតសង្ក្រាន្តនៅតាមសាលាទូទាំងខេត្ត ព្រោះក្នុងនាមយុវជនត្រូវចូលរួមការពារសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ខ្លួនកុំឲ្យបាត់បង់។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតលោក តាក់ ហាប់ បានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ក្រសួងបានធ្វើការណែនាំគ្រប់សាលាកុំឲ្យលេងបាញ់ទឹក និងប៉ាតម្សៅនៅក្នុងសាលាទេ ហើយជំរុញឲ្យសិស្សលេងល្បែង របាំប្រជាប្រិយ ដើម្បីរក្សាកេរដំណែលវប្បធម៌ដូនតាកុំឲ្យបាត់បង់៕ អត្ថបទ៖ អន សារឹម