ប៉េរូ៖ តំបន់ភាគខាងជើងប្រទេសប៉េរូ បានរងការវាយប្រហារយ៉ាងខ្លាំងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជាបន្តបន្ទាប់បណ្តាលឱ្យជន់លិចផ្លូវជាច្រើនកន្លែង និងបណ្តាលឱ្យលំនៅឋានច្រើនខ្នងបាក់រលំ។

ដោយឈរនៅកណ្តាលផ្លូវលិចទឹក ពលរដ្ឋបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាង និងកូន ២នាក់របស់នាងបានបាត់បង់លំនៅឋានរយៈពេល ៧ថ្ងៃមកហើយបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ប្រធានទីស្តីការគណៈរដ្ឋមន្ត្រីប្រទេសប៉េរូលោក Alberto Otarola មានផែនការជួបជាមួយសមាជិកសភាកាលពីថ្ងៃសុក្រ ដើម្បីរៀបចំផែនការប្រយុទ្ធប្រឆាំងការខូចខាតដែលបង្កឡើងដោយភ្លៀងធ្លាក់ និងបាតុភូតនៅឆ្នេរសមុទ្រដែលគេហៅថាបាតុភូត El Nino Costero។ បាតុភូតអាកាសធាតុដែលគេហៅថា Nino Costero គឺជាការឡើងកម្តៅផ្ទៃទឹកនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កើតឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅលើឆ្នេរសមុទ្រអាមេរិកខាងត្បូង។ អាជ្ញាធររំពឹងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់លើឆ្នេរសមុទ្រភាគខាងជើង រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
អត្ថបទ៖ ប៊ុនថន