UN៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលទទួលបានរង្វាន់ណូបែលបានព្រមានកាលពីថ្ងៃសុក្រថា ប្រសិនបើគ្មានទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្តល់ជំនួយដល់អ្នកអត់ឃ្លាននោះទេ ពិភពលោកនឹងមើលឃើញការធ្វើអន្តោប្រវេសន៍ដ៏ច្រើន ប្រទេសមានអស្ថិរភាព និងការស្រេកឃ្លានរបស់កុមារ និងមនុស្សពេញវ័យក្នុងរយៈពេល ១២ ទៅ ១៨ខែខាងមុខ។

លោក David Beasley បានសរសើរចំពោះមូលនិធិដែលកើនឡើងពីសហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន ហើយបានជំរុញឲ្យប្រទេសចិន បណ្តាប្រទេសឈូងសមុទ្រ មហាសេដ្ឋី និងប្រទេសដទៃទៀតឱ្យបង្កើនពេលវេលា។ នៅក្នុងបទសម្ភាសន៍ មុនពេលដែលលោកប្រគល់តួនាទី របស់អង្គការមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ទៅឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Cindy McCain នៅសប្តាហ៍ក្រោយ អតីតអភិបាលរដ្ឋ South Carolina បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំងដែលកម្មវិធីស្បៀងអាហារពិភពលោក(WFP) នឹងមិនរៃអង្គាសប្រាក់បានប្រហែល ២៣ពាន់លានដុល្លារដែលខ្លួនត្រូវការនៅឆ្នាំនេះដើម្បីជួយនោះទេ តាមការប៉ាន់ប្រមាណមនុស្ស ៣៥០លាននាក់នៅក្នុងប្រទេសចំនួន ៤៩ ដែលត្រូវការស្បៀងអាហារយ៉ាងខ្លាំងនៅដំណាក់កាលនេះ។
លោកបាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) គឺស្ថិតនៅក្នុងវិបត្តិស្រដៀងគ្នាកាលពីឆ្នាំមុន ប៉ុន្តែជាភ័ព្វសំណាងដែលលោកអាចបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យបង្កើនមូលនិធិពីប្រហែល ៣.៥ពាន់លានដុល្លាររហូតដល់ ៧.៤ពាន់លានដុល្លារ ហើយប្រទេសអាល្លឺម៉ង់បង្កើនការរួមចំណែករបស់ខ្លួនពី ៣៥០លានដុល្លារកាលពីប៉ុន្មានឆ្នាំមុនដល់ ១.៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែលោកមិនគិតថា ប្រទេសទាំងពីរនេះនឹងធ្វើវាម្តងទៀតនៅឆ្នាំនេះនោះទេ។ លោកនិយាយថា ប្រទេសផ្សេងទៀតចាំបាច់ត្រូវបង្កើននៅពេលនេះ ដោយចាប់ផ្តើមពីប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលបានផ្តល់ឱ្យកម្មវិធីស្បៀងអាហារពិភពលោកត្រឹមតែ ១១លានដុល្លារកាលពីឆ្នាំមុន៕
អត្ថបទ៖ ប៊ុនថន