អាមេរិក៖ ពិធីបុណ្យសពដំបូងបានចាប់ផ្តើមសម្រាប់ជនរងគ្រោះ ក្នុងការបាញ់ប្រហារនៅសាលារៀនក្នុងទីក្រុង Nashville រយៈពេល ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ័យខ្លាចបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់។

Evelyn Dieckhaus អាយុ ៩ឆ្នាំស្ថិតក្នុងចំណោមកុមារ ៣នាក់ដែលបានស្លាប់នៅសាលារៀន Covenant នៅក្នុងទីក្រុងកាលពីថ្ងៃទី២៧ ខែមីនា។ ពិធីបុណ្យសពធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរបានបញ្ចេញសំឡេងនៃការហៅទូរស័ព្ទទៅកាន់លេខ ៩១១ ដែលបានធ្វើឡើងអំឡុងពេលកើតហេតុ។ កុមារពីរនាក់ទៀតឈ្មោះ Hallie Scruggs និង William Kinney បានស្លាប់នៅក្នុងការបាញ់ប្រហារនេះ រួមជាមួយបុគ្គលិកសាលារៀនបីនាក់ផ្សងទៀត។ នគរបាលនិយាយថា ពួកគេមិនជឿថាជនរងគ្រោះណាម្នាក់ត្រូវបានកំណត់គោលដៅឲ្យជាក់លាក់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានបញ្ចេញសំឡេងពីការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាង ២០លើក ដែលធ្វើឡើងអំឡុងពេលការបាញ់ប្រហារពីសមាជិកបុគ្គលិក។
នៅក្នុងការហៅទូរស័ព្ទមួយ គ្រូបង្រៀនម្នាក់បានរាយការណ៍ថា កំពុងស្ថិតនៅក្នុងថ្នាក់រៀនមួយមានសិស្ស ១៧នាក់ ហើយបានឮសំឡេងបាញ់ជាច្រើនគ្រាប់។ នគរបាលនៅមិនទាន់បង្ហាញពីមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះទេ ទោះបីជាពួកគេបាននិយាយថា ជនសង្ស័យនាង Audrey Hale បានអង្កេតទីតាំង គូសផែនទី និងសរសេរអ្វីដែលនគរបាលបានចាត់ទុកថា ជាសេចក្តីប្រកាសព័ត៌មានក៏ដោយ។ មុនពេលការបាញ់ប្រហារ នាង Hale បានទិញកាំភ្លើងចំនួន ៧ដើមដោយស្របច្បាប់ ហើយលាក់ទុកនៅផ្ទះរបស់នាងដោយឪពុកម្តាយរបស់នាងមិនបានដឹង៕
អត្ថបទ៖ ប៊ុនថន