
អន្ដរជាតិ៖ ប្រទេសរុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញសមាជិកឲ្យរារាំងចំណាត់ការនេះក៏ដោយ។
សមាជិកនីមួយៗ របស់ក្រុមប្រឹក្សានេះ ត្រូវកាន់តំណែងជាប្រធាននេះរយៈពេល ១ខែ តាមគោលការប្ដូរវេន។
ប្រទេសរុស្ស៊ី បានធ្វើជាប្រធានចុងក្រោយកាលពីខែកុម្ភៈឆ្នាំ ២០២២។ នៅខែដែលប្រទេសនេះបានបើកការវាយលុកពេញបន្ទុកលើអ៊ុយក្រែន។
មានន័យថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងត្រូវបានដឹកនាំដោយប្រទេសមួយដែលប្រធានាធិបតីរបស់ខ្លួន គឺជាបុគ្គដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាម។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមិនមែនជាស្ថាប័នរបស់អង្គការសហប្រជាជាតិ បានចេញដីការចាប់ខ្លួនលោក Vladimir Putin កាលពីខែមុន។
ទោះបីជាមានការរិះគន់ពីអ៊ុយក្រែន សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនអាចរារាំងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានេះមិនឲ្យកាន់ទួនាទីជាប្រធានបានឡើយ។
សមាជិកអចិន្ត្រៃយ៍ផ្សេងទៀត នៃក្រុមប្រឹក្សានេះ គឺមាន ចក្រភពអង់គ្លេស អាមេរិក បារាំង និងចិន។ តួនាទីនេះភាគច្រើនជានីតិវិធី ប៉ុន្តែ ឯកអគ្គរដ្ឋទូតរបស់ទីក្រុង Moscow ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីថា លោកគ្រោងនឹងត្រួតពិនិត្យការជជែកដេញដោលជាច្រើន រួមទាំងការគ្រប់គ្រងអាវុធផងដែរ។ លោកបាននិយាយថាលោកនឹងពិភាក្សាអំពី "សណ្តាប់ធ្នាប់ពិភពលោកថ្មី" ដែលលោកបាននិយាយថានឹងមក "ជំនួសប៉ូលតែមួយ" ៕