កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមប្រកាសនៅថ្ងៃនេះថា បុរសជនជាតិខ្មែរម្នាក់អាយុ ២៤ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យខេត្តនេះមានករណីស្លាប់ដោយសារកូវីដ-១៩ចំនួន ២នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា បុរសម្នាក់ដែលរស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្ថិតក្នុងស្រុកបាធាយ បានស្លាប់បាត់បង់ជីវិតកាលពីល្ងាចថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យខេត្តកំពង់ចាម។
ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា បុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសកូវីដ-១៩ បន្ថែមទៅលើជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃរបស់គាត់។
រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា លទ្ធផលតេស្តសំណាកបុរសរូបនេះដែលចេញកាលពីថ្ងៃទី២៩ ខែមេសានោះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជើងព្រៃ មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពង់ចាម។
បើតាមរដ្ឋបាលខេត្តកំពង់ចាម បុរសរូបនេះដែលជាកម្មកររោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងរាជធានីភ្នំពេញនោះ បានចូលទៅសម្រាកព្យាបាលជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃកនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ឬពេទ្យលោកសង្ឃ នៅរាជធានីភ្នំពេញ មុននឹងចាកចេញទៅស្រុកកំណើត។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ខេត្តកំពង់ចាមបានកត់ត្រាមនុស្ស ២នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៥០ថ្ងៃចុងក្រោយ បន្ទាប់ពីកម្ពុជាប្រកាសករណីស្លាប់លើកដំបូងជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕