
អន្ដរជាតិ៖ ក្រុមអាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់ កំពុងបញ្ជាក់ច្បាស់ពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការអនុវត្តន៍ច្បាប់ ហ៊ីចាប់(hijab) ដ៏សំខាន់លើស្ត្រី សម្រាប់កាស្លៀកពាក់។
វិធានការនេះ កើតឡើងបន្ទាប់ពីការតវ៉ាជាច្រើនខែទាមទារឲ្យបញ្ចប់ការរឹតត្បិតនេះ។សមាជិកសភាប្រកាន់តឹងមួយរូបរបស់អ៊ីរ៉ង់ បានចេញឱសានវាទដល់តុលាការដើម្បីអនុវត្តន៍វិធានការនានាក្នុងការបញ្ឈប់ស្ត្រី ដែលមិនយកចិត្តទុកដាក់នឹងច្បាប់ផ្សេងៗ សម្រាប់ការប្រើប្រាស់ក្រណាត់រុំក្បាល ក្នុងពេល ៤៨ម៉ោងខាងមុខ។
ការតវ៉ាទ្រង់ទ្រាយធំៗជាច្រើន បានផ្ទុះឡើងទូទាំងប្រទេសអ៊ីរ៉ង់ កាលពីខែកញ្ញាដែលបានមើលឃើញការប្រើកម្លាំងបង្រ្កាបដ៏សាហាវរហូតដល់បច្ចុប្បន្ន។
ប៉ុន្តែស្ត្រីមួយចំនួននៅតែបន្តប្រឆាំងនឹងច្បាប់ស្តីពីការរុំស្បៃឬក្រមាជាកាតព្វកិច្ចនៅទីសាធារណៈ។ វីដេអូ និងរូបភាពដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីការកើនឡើងនៃការខកចិត្ត និងកំហឹងចំពោះការរឹតបន្តឹងដែលនៅតែជាកម្លាំងដ៏ខ្លាំងក្លានៅក្នុងសង្គមអ៊ីរ៉ង់។
បាតុកម្ម បានរីករាលដាលទូទាំងសាធារណរដ្ឋអ៊ីស្លាម បន្ទាប់ពីការស្លាប់កាលពីខែកញ្ញារបស់ ស្ត្រី Mahsa Amini វ័យ២២ ឆ្នាំម្នាក់ត្រូវបាននគរបាលសីលធម៌ក្នុងទីក្រុងតេអេរ៉ង់ ចាប់ខ្លួនដោយចោទប្រកាន់ពីបទប្រើក្រមារុំក្បាលហ៊ីចាប់មិនសមរម្យ។
ក្រសួងមហាផ្ទៃ បានប្រកាសក្នុងសប្តាហ៍នេះថានឹងមិនមានការដកថយឬអត់ឱនចំពោះបញ្ហានេះទេ។ សេចក្តីថ្លែងការណ៍បាននិយាយថា ច្បាប់ហ៊ីចាប់នៅតែជាធាតុសំខាន់នៃច្បាប់អ៊ីស្លាម ហើយដូច្នេះនឹងនៅតែជាគោលការណ៍សំខាន់មួយនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕