អន្ដរជាតិ៖ អ្នកគាំទ្រមួយចំនួនរបស់លោក Donald Trump បានជួបគ្នានៅក្នុងតំបន់ឆ្នេរសមុទ្រ West Palm Beach កាលពីថ្ងៃសៅរ៍ទី១មេសា ជាការព្យាយាមបង្ហាញការគាំទ្រចំពោះអតីតប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់នៅសប្ដាហ៍នេះ ពាក់ព័ន្ធការបង់លុយបិទមាត់ឲ្យទៅអតីតតារាភាពយន្តអាសអាភាសនាង Stormy Daniels។
នៅក្នុងសមុទ្រ ដែលមានចងទង់ពណ៌ក្រហម សរសេរឈ្មោះលោក Trump និងឃ្លាថាអាមេរិកអស្ចារ្យម្ដងទៀត និងមួកមានសរសេរពាក្យថា (MAGA) ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះ បានរង់ចាំដំណើររបស់លោក ខណៈលោកលេងកូនហ្គោលនៅ Palm Beach រដ្ឋ Florida។
អ្នកគាំទ្រម្នាក់បានប្រាប់សារព័ត៌មានReutersថាខ្ញុំត្រូវគេបបួលមកចូលរួមការប្រមូលផ្ដុំនៅព្រឹកនេះ ហើយខ្ញុំចង់មកជួបជុំជាមួយពួកគេទាំងអស់គ្នាក្នុងបំណងបង្ហាញការគាំទ្រដូចអ្វីដែលខ្ញុំបានជឿជាក់ដែរ។
អ្នកចូលរួមមួយចំនួន ស្ថិតក្នុងស្មារតីអបអរសាទរ និងជឿថា ការចោទប្រកាន់ទាំងនេះ នឹងមិនប៉ះពាល់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤របស់លោក Trump ទេ។
អ្នកតវ៉ាម្នាក់ទៀត ឈ្មោះ Dirk Frazel បានប្រាប់សារព័ត៌មាន Reuters ថា ខ្ញុំគិតថាពួកគេនឹងមិនអាចទទួលបានជោគជ័យក្នុងការចោទប្រកាន់ណាមួយលើលោក Donald Trumpទេ ដូចជាការកាត់ទោស ដែលគេស្គាល់ថា Teflon Don។ ពួកគេបានចំណាយពេល៧ឆ្នាំ ដើម្បីតាមដានហិរញ្ញវត្ថុរបស់ Donald Trump ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូ របស់លោកនិងរឿងជាច្រើនដែលមានទម្រង់បែបនេះ។
សូមបញ្ជាក់ថាលោក Trump ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅសវនាការនៅថ្ងៃអង្គារទី៤មេសានៅតុលាការទីក្រុង New York៕