
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមថា ថ្ងៃនេះ យុទ្ធនាការ #BeyondTheGames បានជូនដំណឹងថា ជាថ្ងៃកំណត់ចុងក្រោយនៃការឈប់ប្រមូល និងទទួលបេះដូង ដែលបានបត់មកដោយលោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន ក្មួយប្រុសស្រី ពីគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស។
ការចូលរួមបត់បេះដូងនេះមើលទៅ ហាក់ជារឿងសាមញ្ញ ធម្មតា តែអត្ថន័យដែលចេញពីការចូលរួមគ្រប់កោសិកានៃសង្គមដើម្បីបុព្វហេតុ គាំទ្រដល់អត្តពលិកកម្ពុជា ជាពិសេសអ្នកដែលមានពិការភាព គឺជាតម្លៃនៃការចូលរួម ដែលមិនអាចកាត់ថ្លៃបាន។
ខ្ញុំបានចូលរួមផង តាមដានជាប្រចាំផង និងទទួលបានព័ត៌មានជាច្រើនជាបន្តបន្ទាប់ ដែលខ្ញុំមិននឹកស្មានដល់សោះថា កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នេះមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស គ គ្រឹកគគ្រេងដែលលើសពីការរំពឹងទុក ហួសពីការស្មាន។
ឯកឧត្ដមបន្តថា ខ្ញុំពិតជាមានក្តីរំភើបពោរពេញទៅដោយមោទកភាពក្នុងនាមជាខ្មែរមួយរូប ដែលបានឃើញការរួបរួមគ្នា សហការគ្នា ដើម្បីចែករំលែកទឹកចិត្ត ក្តីស្រឡាញ់ ស្មារតីគាំទ្រ ជូនអត្តពលិកកម្ពុជារបស់យើង ក៏ដូចជាឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់លោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន ក្មួយប្រុសស្រី សាធារណជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោ ក»។
ថ្ងៃនេះដ្បិតថា ជាថ្ងៃបញ្ចប់ការប្រមូល តែបេះដូងទាំងអស់នេះនឹងត្រូវបានរៀបចំតុបតែង ដើម្បីដាក់តាំ ងបង្ហាញក្នុងគោលបំណងមួយបន្ថែមទៀតគឺ ការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។ ទោះបីជាយ៉ាងនេះក្តី ស្មារតីនៃការរួមគ្នាជាមហាគ្រួសារខ្មែរ ភាសាបេះដូងរបស់កម្ពុជា ក្នុងចង្វាក់បេះដូងតែមួយមានតម្លៃលើសអ្វីៗទាំងអស់។ នេះហើយជាភាសាបេះដូងរបស់កម្ពុជា និងប្រជាជនកម្ពុជា ដើម្បីកម្ពុជា ជាពិសេសក្នុងពេលនេះសម្រាប់អត្តពលិកកម្ពុជាដែលមានពិការភាព។
សូមបញ្ជាក់ផងដែរថា បេះដូងចំនួនមួយដែលបានបត់មានតម្លៃស្មើ ៥០០រៀល។ ថវិកាសរុបដែលទទួ លបាន គឺជាថវិកាបរិច្ចាគដោយដៃគូសប្បុរសចំនួន៥ ស្ថាប័ន ជូនដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសក្នុងដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ គង់ ឌិន








