បាល់ទឹក៖ ថ្មីៗនេះក្រុមកីឡាបាល់ទឹកកម្ពុជាបានប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសសិង្ហបុរី ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣ នៅព្រះរាជាណាចក្រកម្ពុជានៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
ការប្រកួតនេះរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងគោលបំណងដើម្បីឱ្យកីឡាករបាល់ទឹកកម្ពុជាអាចដកស្រង់បទពិសោធន៍ ក៏ដូចជាផ្ដល់លទ្ធភាពឱ្យពួកគាត់បានសាកល្បងបច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់មួយរយៈពេល និងជាឱកាសមួយសម្រាប់កម្ពុជាអាចពង្រឹងសមត្ថភាព កីឡាករ និងគ្រូបង្វឹករបស់ខ្លួនដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ។ សូមជម្រាបជូនថា លទ្ធផលនៃការប្រកួត ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរីឈ្នះក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា ១៥ទល់នឹង៩ ហើយក្រោយចូលឆ្នាំរួចក្រុមទាំងពីរនឹងជួបជាមួយគ្នាម្តងទៀត៕ អត្ថបទ៖ គង់ ហួន