អាមេរិក៖ យោងតាមក្រុមមន្ត្រី និងរបាយការណ៍របស់សារព័ត៌មាននានា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏ខ្លាំងក្លាដែលបានបោកបក់ បង្កឡើងដោយព្យុះកួចជាច្រើនមេនៅក្នុងភាគខាងត្បូង និងតំបន់ Midwest របស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២នាក់កាលពីចុងសប្ដាហ៍នេះ។

យោងតាមការិយាល័យនគរបាលក្រុង Memphis នៅក្នុងទីក្រុង Memphis រដ្ឋ Tennessee កុមារ ២នាក់ និងយុវជនម្នាក់ត្រូវបានរកឃើញស្លាប់កាលពីថ្ងៃសៅរ៍ ទី១មេសា បន្ទាប់ពីខ្យល់បោកបក់ខ្លាំងរបស់ព្យុះនេះបានវាយផ្ដួលរំលើងដើមឈើសង្កត់លើលំនៅឋានមួយចំនួន។ យោងតាមសារព័ត៌មានក្នុងស្រុកនៅក្នុងតំបន់ McNairy របស់រដ្ឋនេះ ក្រុមមន្ត្រីបានរាយការណ៍ថា មនុស្ស ២នាក់បន្ថែមទៀតបានស្លាប់ ក្នុងនោះមនុស្សស្លាប់ចំនួន ៧នាក់ត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍។ យោងតាមនាយកដ្ឋានធនធានធម្មជាតិរបស់រដ្ឋ សាកសពប្ដីប្រពន្ធ ២នាក់ត្រូវបានរកឃើញនៅកន្លែងបោះជំរំក្នុងឧទ្យាន McCormick's Creek State ក្នុងតំបន់ Owen County នៃរដ្ឋ Indiana។
ចំណែកអ្នកស្លាប់ ១៥នាក់ផ្សេងទៀតដោយសារព្យុះដែលបង្កឡើងដោយព្យុះកួចនេះ នៅក្នុងតំបន់មួយចំនួនត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Arkansas Illinois Indiana Delaware Mississippi និងរដ្ឋ Alabama។ មនុស្សជាច្រើនបានរងរបួស និងអគារជាច្រើនផ្សេងទៀតត្រូវបានខូចខាត ឬរងការបំផ្លិចបំផ្លាញ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីគ្រោះមហន្តរាយដ៏ធំនៅក្នុងរដ្ឋ Arkansas កាលពីថ្ងៃអាទិត្យ ដោយបញ្ជាឲ្យផ្ដល់ជំនួយសហព័ន្ធដើម្បីជួយស្រោចស្រង់ពីគ្រោះធម្មជាតិនេះ៕
អត្ថបទ៖ សុខមាន