ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទាក់ទិននឹងការបោះឆ្នោតដែលនឹងមកដល់នៅពេលខាងមុខ សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ហើយសម្តេចក៏បានបញ្ជាក់ជាថ្មីថា ការការពារសន្តិភាពជាកិច្ចការរបស់យើងទាំងអស់គ្នា។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តេចតេជោ ក៏បានអរគុណដល់អ្នកខេត្តត្បូងឃ្មុំជារួមនិងដោយឡែកសម្រាប់អ្នកស្រុកក្រូចឆ្មារ និងនិយាយជារួមសម្រាប់ប្រជាជនទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ហើយសម្តេចក៏សង្ឃឹមថា ថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ មិនភ្លេចការចូលរួមបោះឆ្នោតក្នុងបរិយាកាសមួយដែលអព្យាក្រិត្យគ្មានការគំរាមកំហែង និងសង្ឃឹមថា មិនភ្លេចគណបក្សប្រជាជនកម្ពុជាឡើយ។
សម្តេចតេជោ បានរំលឹកផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាពព្រោះថាដូចជានៅប្រទេសអ៊ីរ៉ាក់ មានសោកនាដកម្មនៃសង្គ្រាម នៅលីប៊ី នៅស៊េរី ឥឡូវដល់នៅអ៊ុយក្រែនទៀត តើអ្នកណាប៉ាន់ស្មានបានថា មានសង្គ្រាមនោះ។អ៊ីចឹងការការពារសន្តិភាពសម្រាប់បម្រើឲ្យការអភិវឌ្ឍជាតិជាកិច្ចការរបស់យើងទាំងអស់គ្នា៕












