ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពាវនាវឱ្យគ្រប់សាលារៀនត្រូវឱ្យសិស្សពេលគោរពទង់ជាតិ និងទាហានពេលប្រជុំជួរត្រូវច្រៀងបទនគររាជដោយផ្ទាល់ មិនត្រូវចាក់បទភ្លេងជាតិនេះទៀត ដើម្បីចេះចាំមាត់នូវអត្ថន័យនៃខ្លឹមសារបទនគររាជ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ ២០២៣។
សព្វថ្ងៃបទភ្លេងនគររាជគឺជាចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ប្រវត្តិនៃបទនេះកើតមានជាដំបូងក្នុងរជ្ជកាលរបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ខ្ទង់ឆ្នាំ១៩៣៨។ អ្នកដែលបង្កើតបទភ្លេងនេះគឺ សម្ដេចព្រះនរោត្តម សុរាម្រឹត សហការជាមួយជនជាតិបារាំងម្នាក់ ដែលមាននាទីជាអ្នកបង្ហាត់ភ្លេងនៅបរមរាជវាំង ប៉ុន្តែពេលនោះរកពាក្យតម្រូវឲ្យបានត្រឹមត្រូវនឹងបទភ្លេងនេះពុំបាន។ លុះក្រោយមក បទនគររាជ ដែលជាភ្លេងជាតិ បានកើតឡើងក្នុងរជ្ជកាល ព្រះបាទនរោត្តមសីហនុវរ្ម័ន និងត្រូវបានបានតាក់តែងនិពន្ធទំនុកដោយសម្តេចសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ ១៩៤១។
បទនគររាជមាន៣វគ្គ និងមានខ្លឹមសារដូចខាងក្រោមនេះ៖
១~ សូមពួកទេព្តា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ ព្រះបារមី
នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន ។
២~ ប្រាសាទសិលា កំបាំងកណ្តាលព្រៃ
គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ ។
៣~ គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តានឹង ជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ ។





