លោតទឹក៖ កីឡាករលោតទឹកអ៊ុយក្រែន Stanislav Oliferchuk កំពុងតែហ្វឹកហាត់នៅទីក្រុងគីវ បន្ទាប់ពីអាងទឹកនៅទីក្រុង Mariupol ត្រូវវាយប្រហារដោយមីសីល ហើយជើងឯកហែលទឹកប្រចាំប្រទេសមួយនេះ ឥឡូវសច្ចាថានឹងមិនចូលរួមព្រឹត្តិការណ៍អន្តរជាតិណាដែលមានអត្តពលិករុស្ស៊ី និងបេឡារួសចូលរួម។

Oliferchuk បានរង់ចាំយ៉ាងអន្ទះសានូវការបើកអាងទឹក Neptun នៅទីក្រុង Mariupol ឡើងវិញបន្ទាប់ពីខូចខាតពីរឆ្នាំមកហើយនោះ។ អាងហែលទឹកនេះជាកន្លែងលេងកីឡាមួយក្នុងចំណោម ៣៤៣កន្លែងដែលរងគ្រោះដោយសារសង្គ្រាមរុស្ស៊ី ដែលរដ្ឋាភិបាលក្រុងម៉ូស្គូហៅថាប្រតិបត្តិការយោធាពិសេស។ "អាងហែលទឹកនេះ ពិតជាមិនគួរឱ្យជឿ ខ្ញុំពិតជារីករាយហ្វឹកហាត់បន្ទាប់ពីជួសជុលរួច។ ពិតជារឿងសោកសៅដែលអាងហែលទឹក និងកន្លែងផ្សេងៗទៀតក្នុងក្រុងត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមបែបនេះ"។ "ពេលមានការប្រកាសអាសន្នពីការវាយប្រហារ យើងក្នុងសំលៀកបំពាក់ហែលទឹកស្ទុះស្ទាចូលកន្លែងគេចគ្រាប់។
គ្មាននរណាម្នាក់ដឹងថា អ្វីនឹងត្រូវរងគ្រោះ ខណៈដែលអត្តពលិករុស្ស៊ីហាត់ដោយគ្មានបារម្ភ។ ពូកគេស្ងប់ស្ងាត់ ហើយទទួលយកអ្វីដែលកំពុងកើតឡើង។ គ្មានផ្លូវដែលឱ្យរុស្ស៊ីចូលរួមប្រកួតទេ បើដូច្នោះមែនខ្លួននឹងពហិការ។" ការលើកឡើងរបស់កីឡាករ Oliferchuk កើតឡើង បន្ទាប់រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា អត្តពលិកពួកគេនឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតជម្រុះអូឡាំពិកប៉ារីស២០២៤ នោះទេប្រសិនបើប្រកួតប៉ះរុស្ស៊ី។ ថ្មីនេះគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានចេញអនុសាសន៍ឱ្យអត្តពលិករុស្ស៊ី និងបេឡារូសមកប្រកួតវិញ តែក្នុងរួបភាពឯកត្តជនក្រោមទង់អព្យាក្រឹត គ្មានទង់ជាតិ និងភ្លេងជាតិ៕
អត្ថបទ៖ គង់ ហួន