អាមេរិក៖ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងយុត្តិធម៌បានទទួលភស្តុតាងថ្មី ដែលបង្ហាញពីការរារាំងការស្វែងរកយុត្តិធម៌ធ្វើឡើងដោយអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងការស៊ើបអង្កេតរបស់ទីភ្នាក់ងារចំពោះការគ្រប់គ្រងឯកសារសម្ងាត់របស់លោក។
ក្រុមអ្នកស៊ើបអង្កេតមានព័ត៌មានដែលបង្ហាញថា លោក Trump បានពិនិត្យឡើងវិញនូវឯកសារមួយចំនួនដោយផ្ទាល់នៅលំនៅឋាននៅទីក្រុង Mar-a-Lago របស់លោក បន្ទាប់ពីទទួលបានដីកាពីក្រសួងយុត្តិធម៌។ ខណៈក្រុមការងាររបស់អតីតប្រធានាធិបតីបានប្រគល់មកវិញនូវឯកសារសម្ងាត់មួយចំនួន ក្រោយការចេញដីកាកាលពីខែឧសភា ឆ្នាំ២០២២ ការឆែកឆេរកាលពីខែសីហារបស់ FBI បានបង្ហាញថា មានឯកសារកាន់តែច្រើនដែលមិនត្រូវបានគេប្រគល់ឲ្យ។ ភស្តុតាងបន្ថែមដែលទទួលបានដោយក្រុមអ្នកស៊ើបអង្កេតបង្ហាញថា លោក Trump បានប្រាប់អ្នកផ្សេងទៀតឱ្យបំភាន់ មន្ត្រីរដ្ឋាភិបាលដែលព្យាយាមរកឲ្យឃើញឯកសារ កាលពីពេលលោកនៅក្នុងសេតវិមានមុនពេលមានដីកាកាលពីឆ្នាំមុន ដែលសារព័ត៌មានរាយការណ៍ថាអាចជាភស្តុតាងនៃចេតនារបស់លោក។
សារព័ត៌មាន CNN បានអះអាងថា អ្នកស៊ើបអង្កេតមានអ៊ីមែល និងសារពីលោក Molly Michael ជាជំនួយការរបស់អតីតប្រធានាធិបតីដែលបានចេញពីការងារកាលពីឆ្នាំមុន។ អត្ថបទ និងកំណត់ត្រាទាំងនោះ ដែលអ្នកស៊ើបអង្កេតមានរយៈពេលជាច្រើនខែរៀបរាប់លម្អិតអំពីអ្វីដែលលោក Trump កំពុងធ្វើ និងអ្នកដែលលោកកំពុងជួប ដែលអាចមានសារៈសំខាន់សម្រាប់ការដឹងពីទីកន្លែងជួបរបស់លោកទាក់ទងនឹងឯកសារ៕
អត្ថបទ៖ ប៊ុនថន