ពិភពលោក៖ តម្លៃប្រេងបានហក់ឡើង បន្ទាប់ពីក្រុមហ៊ុននាំចេញប្រេងធំជាងគេរបស់ពិភពលោកមួយចំនួន បានប្រកាសពីការកាត់បន្ថយផលិតកម្មដ៏គួរឱ្យភ្ញាក់ផ្អើល។ តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៥ដុល្លារក្នុងមួយបារ៉ែល ឬ ៧% កើនដល់លើសពី ៨៥ដុល្លារ ខណៈការជួញដូរបានចាប់ផ្តើម។
ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងរដ្ឋឈូងសមុទ្រជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានកាត់បន្ថយទិន្នផលជាង ១លានបារ៉ែលក្នុងមួយថ្ងៃ។ តម្លៃប្រេងបានហក់ឡើងនៅពេលរុស្ស៊ីវាយលុកនៅអ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នបានត្រឡប់មកវិញក្នុងកម្រិតដែលគេមើលឃើញមុនជម្លោះចាប់ផ្តើម។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបាននឹងកំពុងអំពាវនាវឱ្យប្រទេសផលិតបង្កើនទិន្នផល ដើម្បីជំរុញឱ្យតម្លៃថាមពលធ្លាក់ចុះ។ តម្លៃថាមពល និងឥន្ធនៈឡើងខ្ពស់កាលពីឆ្នាំមុនបានជំរុញអតិផរណា អត្រាតម្លៃកើនឡើង ដែលបានដាក់សម្ពាធលើហិរញ្ញវត្ថុរបស់គ្រួសារជាច្រើន។
ឆ្លើយតបទៅនឹងព័ត៌មាននៃការកាត់បន្ថយទិន្នផលចុងក្រោយនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយថា យើងមិនគិតថា ការកាត់បន្ថយជាការបង្ហាញនៅពេលនេះ ដោយផ្តល់ឲ្យនូវភាពមិនច្បាស់លាស់លើទីផ្សារ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់។ ការកាត់បន្ថយទិន្នផលប្រេងកំពុងត្រូវបានធ្វើឡើង ដោយសមាជិកនៃប្រទេសផលិតប្រេង OPec+។ ក្រុមនេះមានប្រហែល ៤០% នៃទិន្នផលប្រេងឆៅទាំងអស់របស់ពិភពលោក។ អារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយទិន្នផល ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ និងអ៊ីរ៉ាក់ចំនួន ២១១,០០០បារ៉ែល។ ប្រទេសអារ៉ាប់រួម គូវ៉ែត អាល់ហ្សេរី និងអូម៉ង់ក៏កំពុងកាត់បន្ថយផងដែរ៕
អត្ថបទ៖ ប៊ុនថន