កំពង់ឆ្នាំង៖ នៅថ្ងៃនេះ កងទ័ពកម្ពុជា-ចិន ធ្វើលំហាត់សាកល្បងរួមគ្នា ដើម្បីត្រៀមពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែមេសានេះ បន្ទាប់ពីបានធ្វើសមយុទ្ធរួមគ្នារយៈពេល ១៤ថ្ងៃ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យលំហាត់សាកល្បង ដើម្បីត្រៀមពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន ខណៈថ្ងៃទី៥ខែមេសានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីបិទសមយុទ្ធ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបសំណេះសំណាលជាមួយកងទ័ពប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់រយៈពេលច្រើនក្នុងសមយុទ្ធនាគមាសឆ្នាំ២០២៣នេះ ឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បី លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង គំរាមកំហែង ដល់នរណា ឬប្រទេសណាឡើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងារ រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ទៀតថា សមយុទ្ធក្នុងឆ្នាំនេះ គឺជាការទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីត្រៀមឲ្យដំណើរការព្រឹត្តិការណ៍ធំៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទទួលបានជោគជ័យ៕






