បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Graham Potter ហើយក្រោយដឹកនាំក្រុមបានត្រឹម ៧ខែ និងចុងក្រោយបំផុតចាញ់ Aston Villa ២-០ ក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃសៅរ៍។ នេះជាបរាជ័យលើកទី១១ ក្នុងចំណោម ៣១ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ តាំងពីមកជំនួសតំណែងលោក Thomas Tuchel កាលពីថ្ងៃទី៨ ខែកញ្ញា។
Chelsea នៅពេលនេះបានធ្លាក់មកដល់លេខ ១១ នៅ Premier League ១២ពិន្ទុតាមពីក្រោយតំបន់ Top4 ទោះបីបានចំណាយលុយ ៥៥០លានផោនទិញកីឡាកររដូវកាលនេះក្តី។ លោក Bruno Saltor ដែលធ្លាប់ធ្វើការជាមួយ Potter នៅ Brighton នឹងឡើងមកកាន់តំណែងដឹកនាំក្រុមបណ្តោះអាសន្ន។ បន្ទាប់ពីចាញ់ Aston Villa កាលពីថ្ងៃសៅរ៍ Chelsea នឹងត្រូវជួប Liverpool យប់ស្អែកនៅ Premier League មុនពេលជួប Real Madrid ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នៅថ្ងៃទី១២ ខែមេសានេះ៕
អត្ថបទ៖នាង សុភាវុធ