បាល់ទាត់៖ ក្រុមជើងឯក Premier League ឆ្នាំ២០១៦ Leicester City បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការ Brendan Rodgers ហើយក្រោយចាញ់ Crystal Palace ២-១ កាលពីថ្ងៃសៅរ៍។ នោះជាបរាជ័យទី៥ ក្នុងចំណោម ៦ប្រកួតចុងក្រោយដែលធ្វើឱ្យ Leicester ធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់។
លោក Brendan Rodgers ត្រូវបានតែងតាំងឱ្យដឹកនាំ Leicester កាលពីខែកុម្ភៈ ឆ្នាំ២០១៩ និងធ្លាប់ដឹកនាំក្រុមឈ្នះជើងឯក FA Cup នៅឆ្នាំ២០២១។ ប្រធានក្លិប Leicester ជនជាតិថៃលោក Aiyawatt Srivaddhanaprabha បានឱ្យដឹងថា ការសម្រេចបញ្ចប់តំណែងលោក Rodgers ពិតជារឿងខកចិត្តមួយ តែលទ្ធផលរដូវកាលនេះស្ថិតក្រោមអ្វីដែលក្លិបរំពឹងទុកឆ្ងាយ។ រំលឹកថា បុរសវ័យ ៥០ឆ្នាំរូបនេះធ្លាប់ដឹកនាំ Leicester City បានលេខ៥ ពីរលើកនៅ Premier League ក្នុងតំណែង និងយកឈ្នះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រលើកពាន FA Cup នៅឆ្នាំ២០២១។ Leicester City នៅពេលនេះឈរលេខ ១៩ មានត្រឹម ២៥ពិន្ទុក្រោយ ២៨ប្រកួត៕
អត្ថបទ៖នាង សុភាវុធ