ជប៉ុន៖ ក្រុមអ្នកវិទ្យាសាស្ត្របានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការចាប់ត្រីបាននៅក្នុងសមុទ្រជ្រៅជាងគេបំផុតពុំធ្លាប់មានពីមុនមក ក៏ដូចជាត្រីទឹកជ្រៅបំផុតត្រូវបានថតនៅលើកាមេរ៉ា។

ត្រីខ្យងសមុទ្រ Juvenile ស្ថិតក្នុងពពួកត្រីអំបូរ Liparidae ត្រូវបានថតកាលពីខែសីហា ឆ្នាំ២០២២ នៅក្នុងជម្រៅទឹក ៨.៣៣៦ម៉ែត្រស្ថិតក្នុងអន្លង់សមុទ្រ Izu-Ogasawara Trench ដោយផ្តួលកំណត់ត្រាលើកមុននៅអន្លង់សមុទ្រ Mariana Trench ចំនួន ១៥៨ម៉ែត្រ។ រយៈពេលប៉ុន្មានថ្ងៃក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្រចាប់បានត្រីខ្យងសមុទ្រ ២ក្បាលនៅក្នុងជម្រៅទឹក ៨.០២២ម៉ែត្រក្នុងអន្លង់សមុទ្រជប៉ុន ដែលជាត្រីលើកដំបូងមិនធ្លាប់ដែលចាប់បានក្នុងសមុទ្រជ្រៅជាង ៨គីឡូម៉ែត្រ។
លោក Alan Jamieson គឺជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រដែលបានចុះបេសកកម្មស្រាវជ្រាវក្នុងសមុទ្រជ្រៅៗ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទនេះថា បើសិនជានរណាម្នាក់រកឃើញត្រីក្នុងសមុទ្រជ្រៅ វានឹងមិនជ្រៅជាងគ្នាប៉ុន្មាននោះទេ។ សូមបញ្ជាក់ថា បេសកកម្មស្រាវជ្រាវដោយសាកលវិទ្យាល័យ Western Australia និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសមុទ្រ និងបច្ចេកវិទ្យាក្រុងតូក្យូ គឺជាផ្នែកមួយនៃការសិក្សារយៈពេល ១០ឆ្នាំលើត្រីក្នុងសមុទ្រជ្រៅបំផុតនៅលើពិភពលោក៕
អត្ថបទ៖ សារ៉ាត់