គុនចម្រុះ៖ អ្នកលេងគុនចម្រុះដ៏ល្បីរបស់កម្ពុជា ចាន់ រតនា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២ដង ឬ ២ដូសរួចរាល់ហើយកាលពីចុងសប្ដាហ៍កន្លងទៅ ហើយគេក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះផងដែរ។
ចាន់ រតនា បានបញ្ជាក់ថា ខ្លួនបានទទួលវ៉ាក់សាំងគ្រប់ចំនួនហើយ គ្រាន់តែការចាក់ដូសទី២ រៀងប្រតិកម្មថ្នាំបន្តិច តែមិនបង្កក្ដីបារម្ភអ្វីឡើយ ផ្ទុយទៅវិញបានធ្វើឲ្យរូបគេមានទំនុកចិត្តកាន់តែខ្លាំងក្នុងការហ្វឹកហាត់។ ដូច្នេះ រតនា រំពឹងថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលវ៉ាក់សាំងនៅពេលដល់វេនខ្លួន ដើម្បីការពារជំងឺកូវីដ-១៩។ គួរដឹងថា បច្ចុប្បន្នកីឡាករដ៏មានប្រជាប្រិយមួយរូបលើសង្វៀន One Championship រូបនេះកំពុងហ្វឹកហាត់នៅផ្ទះមួយកន្លែងស្ថិតនៅតំបន់ចាក់អង្រែនាខណ្ឌមានជ័យ ដោយពុំទាន់បើកបង្ហាត់សិស្សគុនឡើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ប៉ុន្ដែ រតនា បានអះអាងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដធូរស្រាល ខ្លួនគ្រោងនឹងបើកក្លិបសិល្បៈរបស់ខ្លួនចំនួន ២ទីតាំងឯណោះ៕
អត្ថបទ៖ លី ឈុនឡា