ភ្នំពេញ៖ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិមានប្រសាសន៍ថា ជំរឿនកសិកម្មលើកទី២ ឆ្នាំ ២០២៣នេះ បានចាប់ផ្ដើមដំណើរការទូទាំងប្រទេស ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ មានគោលដៅច្បាស់ ដើម្បីយកប្រមូលទិន្នន័យបង្កើតជាគោលនយោបាយ និងរង្វាស់វាស់វែងការអភិវឌ្ឍ ពុំមែនដើម្បីប្រមូលពន្ធពីប្រជាកសិករនោះទេ។
លោកជំទាវ ហង់ លីណា បានចាប់ផ្ដើមចុះត្រួតពិនិត្យការធ្វើជំរឿនកសិកម្ម នៅតាមបណ្ដារាជធានី-ខេត្ត ដោយបានពិនិត្យឃើញថា ដំណើរការចាប់ផ្ដើមគឺមានភាពល្អប្រសើរ ដោយគ្រប់ភាគី ទាំងអាជ្ញាធរ ទាំងមន្ត្រីចុះសម្ភាសន៍ ក៏ដូចជាប្រជាកសិករ មានកិច្ចសហការគ្នាល្អ។
លោកជំទាវ បញ្ជាក់ជូនប្រជាកសិករទូទាំងប្រទេសកុំឱ្យមានការព្រួយបារម្ភ រឺយល់ច្រឡំថា ការចុះសម្ភាសន៍នេះ គឺដើម្បីប្រមូលពន្ធពីពួកគាត់។ ផ្ទុយទៅវិញ ការធ្វើជំរឿនកសិកម្ម គឺដើម្បីយកទិន្នន័យរៀបចំជាគោលនយោបាយនានាសម្រាប់ពួកគាត់ ។
ជំរឿនកសិកម្មឆ្នាំ២០២៣ គឺមានវិសាលភាពទូលំទូលាយ ដែលមន្ត្រីជំរឿនត្រូវចុះសម្ភាសន៍ប្រមូលទិន្នន័យគ្រួសារកាន់កាប់កសិកម្ម និងសហគ្រាសកសិដ្ឋានខ្នាតធំ នៅគ្រប់មណ្ឌលជំរឿន (ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ) នៃរាជធានី ខេត្តទាំង២៥ ដែលមានចំនួនភូមិសរុប១៤ ៥៨៣ ភូមិ។ ការធ្វើជំរឿនកសិកម្ម ត្រូវបានអនុវត្តធ្វើតាមវិធីសាស្ត្រ “ឃើញរាប់ជាក់ស្តែង ឬហៅថា De Facto" ។
ជំរឿនកសិកម្មឆ្នាំ ២០២៣នេះ ជាការធ្វើជំរឿនដែលប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង ក្រោមជំនួយផ្នែកបច្ចេកទេសមួយចំនួនពី ដៃគូអភិវឌ្ឍន៍។ ជំរឿនកសិកម្មក្នុងឆ្នាំ ២០២៣នេះ គឺប្រើប្រាស់មន្រ្តីជំរឿនជាង ៦០០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា ទិន្នន័យជំរឿនកសិកម្មនៅឆ្នាំ២០១៣ មានអង្គភាពកសិកម្មប្រមាណជាង ២,១លានគ្រួសារ៕ អត្ថបទ៖ គឹមហុក