
អន្ដរជាតិ៖ ព្រះវិហារដែលមនុស្ស ៣៦នាក់ ស្លាប់ក្នុងហេតុការណ៍បាក់ដំបូលអណ្តូងជណ្តើរវិល ត្រូវបានកម្ទេចចោលទាំងស្រុងហើយនៅថ្ងៃចន្ទនេះ នៅទីក្រុងភាគកណ្តាល Indore ប្រទេសឥណ្ឌា។
ឧប្បត្តិហេតុនេះ បានកើតឡើងក្រោយបន្ទះបេតុងគ្របពីលើអណ្តូងជណ្តើរវិលក្នុងបរិវេនព្រះវិហារ បានបាក់សង្កត់កិនក្រុមអ្នកបូជាដែលបានជួបជុំគ្នាប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ "Ram Navami" កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា កន្លងទៅ។
បុគ្គលិកជួយសង្រ្គោះ និងកងទ័ពយ៉ាងហោច ៧៥នាក់ បានធ្វើការពេញមួយថ្ងៃទាញយកកម្ទេចកម្ទី ដោយប្រើប្រាស់ខ្សែពួ និងជណ្តើរទាញមនុស្សដែលធ្លាក់ចូលអណ្តូង។
គ្រឿងចក្រ ត្រូវបានយកមកកាន់កន្លែងកើតហេតុ ដើម្បីកម្ទេចចោលស្របពេលដែលក្រុមមន្រ្តីនគរបាល ឈរមើល។
លោក Siddharth Jain គឺជាស្នងការសារជីវកម្មក្រុង Indore និយាយថា ព្រះវិហារនេះ ត្រូវបានលួចកសាងដោយខុសច្បាប់ហើយវិធានការត្រូវតែចាត់ដើម្បីការពារកុំឲ្យកើតមានឧប្បតិ្តហេតុបែបនេះទៀតនៅពេលអនាគត៕

