ក្រចេះ៖ កំណាត់ផ្លូវជាតិលេខ៧៣ ពីប្រធាតុ ដល់កំពង់រាំង និងផ្លូវខេត្ដលេខ៣៧៧ ពីក្រុងក្រចេះ ទៅស្រុកសំបូរ ព្រមទាំងផ្លូវខេត្ដលេខ៣៧៧A ពីសណ្តាន់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។
ផ្លូវ៣ខ្សែនេះ មានប្រវែងសរុប៩៨,៤០ គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង ៤៩,៨១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ (០+០០) ត្រង់ចំណុចផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ដែលជាព្រំប្រទល់ខេត្តក្រចេះ ចំណែកឯផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស ក្រុងក្រចេះ ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។
សូមជម្រាបថា ពិធីបើកការដ្ឋាននេះក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank) និងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ៕






