ឃីកបុកស៊ីង៖ កីឡាការិនី នៅ ស្រីពៅ បានអះអាងថា ខ្លួនមានភាពស៊ាំង និងទម្លាប់ល្អជាងមុន ក្រោយចំណាយពេលប្រមូលផ្ដុំហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា រយៈពេលប្រមាណ ៣ខែកន្លងមក។

ការលើកឡើងរបស់កីឡាការិនីវ័យ ២៥ឆ្នាំរូបនេះ បន្ទាប់ពីនាងបានសម្រេចចិត្តផ្លាស់ប្ដូរអាជីព ពីក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជាមកចាប់អាជីព និងចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយ ក្រុមកីឡាឃីកបុកស៊ីងជម្រើសជាតិកម្ពុជាវិញក្នុងឆ្នាំ២០២១។ នៅ ស្រីពៅ បានបញ្ជាក់ថា ក្រោយចាប់អាជីពឃីកបុកស៊ីងរហូតដល់មានការបិទខ្ទប់នេះ នាងបានបោះជំរំហ្វឹកហាត់នៅកីឡដ្ឋានជាតិជាមួយកីឡាករ-កីឡាការិនីផ្សេងៗទៀត ក្រោមការបង្វឹករបស់លោក ជា រិទ្ធ ដើម្បីសម្រួចទិសដៅត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅទីក្រុងហាណូយនាខែវិច្ឆិកាខាងមុខ។ កីឡាការិនីមានបទពិសោធន៍ឡើងសង្វៀន One Championship ៣ដងដដែលបន្ដថា ទោះបីឃីកបុកស៊ីងជាប្រភេទកីឡាថ្មីដែលនាងទើបចាប់អាជីព តែឆ្លងកាត់ការហ្វឹកហាត់ប្រមាណ ៣ខែមកនេះ នាងមានភាពស៊ាំជាងមុន និងទម្លាប់ល្អ ព្រោះមានការប្រកួតសមរាល់សប្ដាហ៍ ពោលគឺមិនប្រឡំវ៉ៃក្បាច់គុនខ្មែរនោះទេ។
យ៉ាងណាមិញ នៅ ស្រីពៅ បាននឹងកំពុងសំងំហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីឈានទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួនក្នុងការដណ្ដើមមេដាយជូនជាតិ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ ក៏ដូចជាការសម្រួចសមត្ថភាពត្រៀមឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ សូមរំឭកថា នៅ ស្រីពៅ ធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ នៅហ្វីលីពីនដោយទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីបរាជ័យក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទកីឡាប្រដាល់សកល មុននាងប្ដូរមកចាប់អាជីពកីឡាឃីកបុកស៊ីង ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ៕
អត្ថបទ៖ លី ឈុនឡា