ក្រចេះ ៖ គម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវទាំង ៣ខ្សែ ដែលបើកការដ្ឋាននាព្រឹកនេះមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។
នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នាឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង ៤៩,៨១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ០+០០ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ព្រំប្រទល់ខេត្តក្រចេះ ត្រង់គីឡូម៉ែត្រលេខ៤៩+៨១២ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹង ១០ម៉ែត្រ និង ១៣ម៉ែត្រ សម្រាប់ផ្លូវ ២គន្លង និងទទឹង ១៥,៧ម៉ែត្រ និង ១៦ម៉ែត្រ សម្រាប់ផ្លូវ ៤គន្លង នៅក្នុងទីប្រជុំជន។
ឯកឧត្ដមទេសរដ្ឋមន្រ្តីបន្ថែមថា ចំណែកឯផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប.ស ក្រុងក្រចេះ ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន ២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ នៅលើផ្លូវខេត្តលេខ៣៧៧។ គម្រោងនេះ នឹងរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំណាត់ផ្លូវទាំង ៣ខ្សែនេះ នឹងត្រូវអនុវត្តការសាងសង់ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដូចគ្នា ដោយគ្រោងប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះកំណាត់ផ្លូវជាតិលេខ៧៣ ចំណាយថវិកាប្រមាណ ១៣,៩៨លានដុល្លារអាមេរិក និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ចំណាយថវិកាប្រមាណ ២៥,៧១លានដុល្លារអាមេរិក រួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ការលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ កំណាត់ផ្លូវទាំង ៣ខ្សែនេះ នឹងសម្រួលដល់ការតភ្ជាប់រវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ បើយើងពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះពីរង្វង់មូលព្រាបស ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ចំណែកឯកំណាត់ផ្លូវជាតិលេខ៧៣ ក៏ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ផងដែរ ដែលបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្តភាគឦសាន និងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗផ្សេងៗទៀត ឆ្ពោះទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង។
ពិធីបើកការដ្ឋាននេះក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank) និងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


















