បញ្ចសិលា៖ គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលកំពុងបោះជំរំហ្វឹកហាត់កីឡាបញ្ចសិលានៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានថ្លែងអំណរគុណ និងរីករាយជាខ្លាំង បន្ទាប់ពីប្រតិភូពិសេសគណៈកម្មាធិការជាតិ CAMSOC ដែលដឹកនាំដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់មជ្ឈមណ្ឌលហ្វឹកហាត់កីឡាបញ្ចសិលា នៃប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍កន្លងទៅ។
នេះបើតាមការលើកឡើងរបស់លោក សាន អង្គររាជវ័ន្ធ គ្រូបង្វឹកកីឡាគុនល្បុក្កតោ និងជាគ្រូបង្វឹកកីឡាបញ្ចសិលា ដែលកំពុងដឹកនាំកីឡាករ-កីឡាការិនីម្ពុជាហ្វឹកហាត់ផ្ទាល់នៅរដ្ឋធានីហ្សាកាតា បន្ទាប់ពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកដឹកនាំក្រុមអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅឥណ្ឌូនេស៊ី បានឆ្លៀតពេលមុនពិធីដង្ហែព្រះអគ្គិជ័យកីឡាចុះសួរសុខទុក្ខកីឡាករ-កីឡាការិនីកាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ។ លោក សាន អង្គររាជវ័ន្ធ បានចាត់ទុកការឆ្លៀតពេលដ៏មានតម្លៃរបស់ប្រតិភូកម្ពុជា អញ្ជើញសួរសុខទុក្ខកីឡាករ-កីឡាការិនីនេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់ ដើម្បីជំរុញការហ្វឹកហាត់ និងកាន់តែខិតខំប្រឹងប្រែង ដើម្បីសម្រួចសមត្ថភាពត្រៀមប្រកួតដណ្ដើមមេដាយស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាពេលខាងមុខ។
គួរដឹងថា ឯកឧត្តម ហោ សារុន និងលោកបណ្ឌិត សេង ប៊ុនសុង បានដឹកនាំប្រតិភូកម្ពុជាចុះសួរសុខទុក្ខកីឡាករ-កីឡាការិនីគុនល្បុក្កតោ និងបញ្ចសិលាកម្ពុជានៅរដ្ឋធានីហ្សាកាតា មុនពិធីដង្ហែព្រះអគ្គិជ័យកីឡាកាលពីថ្ងៃទី០១ ខែមេសា។ ចំពោះការបោះជំរំហ្វឹកហាត់របស់ក្រុមកីឡាកីឡាករ-កីឡាការិនីកម្ពុជារយៈពេលជាងកន្លះឆ្នាំមកនេះ កើតឡើងក្រោយមានការចុះអនុស្សារណយោគយល់គ្នារវាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជាមួយឯកឧត្តម ប្រាប៊ូវ៉ូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសិលាអន្តរជាតិ ដោយមានការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២២។ ជាមួយការបោះជំរំនេះ កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៣នាក់ដើម្បីទៅបង្ហាត់ក្បាច់គុនល្បុក្កតោដល់កីឡាករ-កីឡាការិនីបញ្ចសិលាឥណ្ឌូនេស៊ីផង និងកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាទៅហ្វឹកហាត់កីឡាបញ្ចសិលារបស់ឥណ្ឌូនេស៊ីផង ដើម្បីពង្រឹងសមត្ថភាពរៀងៗខ្លួនត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាខែឧសភាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា