សៀមរាប៖ គ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេល៣ខែឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិជាង ២៣ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កំពង់ផែចុងឃ្នៀស ខេត្ដសៀមរាប និងប្រាសាទកោះកេរ នៃខេត្ដព្រះវិហារ និងទទួលបានប្រាក់ចំណូលជាង ១១លាន១៣ម៉ឺនដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ បានបង្ហាញថា សម្រាប់រយៈពល៣ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ២៣៦ ៣៤១នាក់ កើនឡើងជាងមួយពាន់ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទទួលបានប្រាក់ចំណូលជាង១១លានដុល្លា១៣ម៉ឺន៥៤៩២ដុល្លា កើនឡើងជាងមួយពាន់ភាគរយបើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា សម្រាប់បីខែឆ្នាំ២០២៣ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមាន ៤៧ម៉ឺន២៦៨២ដុល្លា។ចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកេររយៈពេលបីខែក្នុងឆ្នាំ២០២៣ មានចំនួន៤៣៥៩នាក់ ស្មើនឹង៦ម៉ឺន៥៣៨៥ដុល្លា ។ចំណូលពីការលក់សំបុត្រទូករយៈពេលបីខែក្នុងឆ្នាំ២០២៣មានចំនួន១៨០ ១៦៤ដុល្លារ។របាយការណ៍ដដែលបានបន្ថែមថា សម្រាប់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៧ម៉ឺន៩៣៩០នាក់ បើធៀបនឹងឆ្នាំ២០២២កន្លងទៅកើនឡើងជាង៨រយភាគរយ និងចំណូលថវិកាចំនួន៣លាន៧៤ម៉ឺន៨៧០០ដុល្លារ កើនឡើងជាងឆ្នាំ២០២២ជាង១ពាន់ភារយ ក្នុងរយៈពេលដូចគ្នា។
ដោយឡែករបាយការណ៍នាយកដ្ឋានទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ក៏បានបង្ហាញថា លំហូរភ្ញៀវទេសចរទៅទស្សនាក្នុងតំបន់អង្គរ ក្នុងខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរខ្មែរ ចូលតាមប្រាសាទនីមួយៗមានចំនួន ២៥០ ១០៧នាក់ និងភ្ញៀវបរទេស ទិញសំបុត្រចូលតំបន់អង្គរ មាន៧៩ ៣៩០នាក់ ហើយសម្រាប់រយៈពេលបីខែចាប់ពីមករា ដល់ដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានចំនួនមាន៣២៩ ៤៩៧ នាក់៕





