ម៉ាឡេស៊ី៖ សភាម៉ាឡេស៊ីបានអនុម័តច្បាប់មួយកាលពីថ្ងៃចន្ទ ដើម្បីលុបបំបាត់ការកាត់ទោសប្រហារជីវិតជាកាតព្វកិច្ច ដោយក្រុមសិទ្ធិមនុស្សស្វាគមន៍ការបោះឆ្នោតនេះថាជា "ជំហានសំខាន់" ដែលអាចធ្វើឲ្យការកាត់ទោសប្រហារជីវិតមានកាន់តែតិច នៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការផ្តន្ទាទោសសម្រាប់បទល្មើសជាច្រើនរួមទាំងឃាតកម្ម និងការជួញដូរគ្រឿងញៀន ពីមុនមកមានទោសប្រហារជីវិតដោយស្វ័យប្រវត្តិដែលពុំផ្តល់សិទ្ធិឲ្យចៅក្រមបដិសេធឡើយ។ សេចក្ដីស្នើច្បាប់នេះពុំបានលុបចោលទោសប្រហារជីវិតទេ ប៉ុន្តែជាការផ្ដល់ជម្រើសឲ្យក្រុមចៅក្រមក្នុងការបន្ថែមរយៈពេលជាប់ពន្ធនាគារចន្លោះពី ៣០ ទៅ ៤០ឆ្នាំក្រោមលក្ខខណ្ឌច្បាស់លាស់។ ថ្លែងនៅចំពោះមុខសភាជាន់ទាបនៃសភាម៉ាឡេស៊ី អនុរដ្ឋមន្ត្រីផ្នែកច្បាប់លោក Ramkarpal Singh បាននិយាយថា យើងមិនអាចព្រងើយកន្តើយចំពោះសិទ្ធិរស់រានមានជីវិត តាំងពីកំណើតសម្រាប់មនុស្សគ្រប់រូបបានឡើយ។
ប្រទេសម៉ាឡេស៊ីបានផ្អាកការកាត់ទោសប្រហារជីវិតចាប់តាំងពីឆ្នាំ២០១៨ មក ប៉ុន្តែតុលាការបានបន្តបញ្ជូនអ្នកទោសដល់ការកាត់ទោសប្រហារជីវិត។ មានបទល្មើសឧក្រិដ្ឋកម្មចំនួន ៣៤ករណីដែលត្រូវផ្តន្ទាទោសប្រហារជីវិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងនោះ ១១ករណីមុនថ្ងៃចន្ទដែលបានអនុវត្តទោសប្រហារជីវិតជាកាតព្វកិច្ច។ បច្ចុប្បន្នមានអ្នកទោសបែបនេះចំនួន ១.៣៤១នាក់នៅក្នុងប្រទេសដែលមានជាង ៦០% នៃអ្នកទាំងនោះបានទទួលការកាត់ទោសជាកាតព្វកិច្ច យោងទៅតាមការវាយតម្លៃរបស់អង្គការលើកលែងទោសអន្តរជាតិ៕
អត្ថបទ៖ សុខមាន