ក្រចេះ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង៣ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ។
ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
ក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងបើកការដ្ឋាននាពេលកន្លងមក។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា យើងពិតជាមិនអាចបំភ្លេចបានពីការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ការទទួលបាននូវសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ការធ្វើពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំតស៊ូរហូតរំដោះប្រទេសជាតិចេញពីរបបខ្មៅងងឹតដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយរួចផុតពីរបប ប៉ុលពត និងការបញ្ចប់សង្គ្រាមផ្ទៃក្នុង តាមរយៈនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្ដារ និងកសាងប្រទេសជាតិឡើងវិញ ដោយបានប្រែក្លាយទឹកដីដែលធ្លាប់ជាវាលពិឃាត និងសមរភូមិ នៃសង្គ្រាម ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងបានបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយទទួលបានវឌ្ឍនភាពរីកចម្រើន ឥតឈប់ឈរ ដូចដែលយើងទាំងអស់គ្នាបានឃើញនាពេលបច្ចុប្បន្ននេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា ក្រោយការលើកកម្រិត និងជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧Aនេះ នឹងផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផង និងទាំងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ ខ្សែផ្លូវទាំង៣នេះ ក៏មានការតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជនសំខាន់ៗ និងតំបន់ដាច់ស្រយាលផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា











