អ៊ីស្រាអែល៖ យោងតាមប្រភពដ៏ជិតស្និទ្ធមួយបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងពន្យារពេលការបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ដែលបានប្រកាសកាលពីមួយសប្តាហ៍មុន បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះបានអំពាវនាវឱ្យផ្អាក ការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។

លោក Gallant និងលោក Netanyahu បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នាកាលពីល្ងាចថ្ងៃចន្ទ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាមួយកន្លែង ដើម្បីអបអរកងទ័ពសម្រាប់ថ្ងៃឈប់សម្រាកបុណ្យសាសនា។ លោក Netanyahu បាននិយាយថា អ្វីដែលសំខាន់បំផុតលោកនឹងនិយាយតាមរបៀបនេះ គឺត្រូវចាកចេញពីនយោបាយតាមច្រកទ្វារមូលដ្ឋាន ដើម្បីរួមគ្នាការពារភាពខ្លាំងរបស់អ៊ីស្រាអែល។ លោក Netanyahu បានប្រកាសថា លោកបណ្តេញលោក Gallant កាលពីថ្ងៃទី២៦ ខែមីនា បន្ទាប់ពីការអំពាវនាវជាសាធារណៈរបស់រដ្ឋមន្ត្រីការពារជាតិរបស់លោករូបនេះ ដើម្បីផ្អាកផែនការដ៏ចម្រូងចម្រាសខ្លាំងសម្រាប់ប្រព័ន្ធតុលាការ។ ផែនការដែលនឹងមើលឃើញការរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលើការតែងតាំងតុលាការ និងផ្តល់ឱ្យសភានូវអំណាចដើម្បីលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានបង្កឱ្យមានបាតុកម្មនៅទូទាំងប្រទេសមិនធ្លាប់មានពីមុនមក ដែលមួយចំនួនពាក់ព័ន្ធនឹងទាហានបម្រុង ដោយនិយាយថា ពួកគេអាចបដិសេធការកេណ្ឌយោធា។
ដោយភាពតានតឹងកំពុងកើនឡើងខ្ពស់ ក្នុងអំឡុងខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន ដែលឆ្នាំនេះស្របគ្នានឹងបុណ្យសាសនារបស់ជនជាតិជ្វីហ្វ លោក Netanyahu បានសម្រេចផ្អាកការដាក់ជំនួសអតីតឧត្ដមនាវីឯកកងទ័ពជើងទឹក រហូតដល់ពេលវេលាដែលមិនបានបញ្ជាក់។ ខណៈការតវ៉ាបានបន្តក្នុងពេលមានការកើនឡើងការព្រួយបារម្ភជាអន្តរជាតិ លោក Netanyahu បានបន្ធូរបន្ថយ និងផ្អាកកំណែទម្រង់ដែលមានការប្រឆាំង ដើម្បីអនុញ្ញាតឱ្យមានការចរចាសម្របសម្រួលជាមួយគណបក្សប្រឆាំង៕
អត្ថបទ៖ ប៊ុនថន