ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា រាជរដ្ឋាភិបាល បានកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ពិសេសក្នុងវិស័យសុខាភិបាល។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ យ៉ាងដូច្នេះ នាឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម រដ្ឋលេខាធិការបន្តថា នាឱកាសពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន បានគូសបញ្ជាក់យ៉ាងច្បាស់ លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ដើម្បីភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងផ្តល់សេវា ស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ ក្នុងការឈានទៅរកឧត្តមភាព និងមានការទទួលស្គាល់គុណភាព ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
ទន្ទឹមនឹងនោះសមិទ្ធិផល ដែលសាកលវិទ្យាល័យសម្រេចបាននៅក្នុងឆ្នាំ២០២២នេះ ដែលរួមមាន៖ សាកលវិទ្យាល័យបានដំណើរការកម្មវិធីបណ្ដុះបណ្ដាល ចំនួន ៤៧ កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៦,៨៤៩នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៣,៩៦៦នាក់។ ក្នុងចំណោម និស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦៣៥ នាក់ (ស្រីចំនួន ៤០៩ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន១១២ នាក់ បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយនៅឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ សាកលវិទ្យាល័យ មាននិសិ្សតសរុបចំនួន៦,០០៣នាក់ ស្រី៣,៤៤៧នាក់ ក្នុងនោះមាននិសិ្សតដែលទើបចូលរៀនថ្មី កម្រិតបរិញ្ញាបត្រ ចំនួន១,០៦៤នាក់៕អត្ថបទ រដ្ឋា







