អឺរ៉ុប៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយថា ប្រទេសហ្វាំងឡង់នឹងក្លាយជាសមាជិកទី៣១ របស់សម្ព័ន្ធយោធាដ៏ធំបំផុតរបស់ពិភពលោកនៅថ្ងៃអង្គារនេះ ដោយជំរុញឱ្យមានការព្រមានពីប្រទេសរុស្ស៊ីថា ខ្លួននឹងពង្រឹងការការពាររបស់ខ្លួនជាការឆ្លើយតប។

លោក Stoltenberg បាននិយាយនៅទីក្រុងប្រ៊ុចសែលថា នេះគឺជាសប្តាហ៍ប្រវត្តិសាស្ត្រ។ ចាប់ពីថ្ងៃអង្គារនេះ ប្រទេសហ្វាំងឡង់នឹងក្លាយជាសមាជិកពេញលេញរបស់សម្ព័ន្ធយោធានេះ។ លោកនិយាយថា លោកសង្ឃឹមថា ប្រទេសស៊ុយអែតដែលបានដាក់ពាក្យស្នើសុំចូលជាសមាជិក ក្នុងពេលតែមួយជាមួយប្រទេសហ្វាំងឡង់ដែរនោះ ក៏នឹងអាចចូលរួមជាសមាជិកសម្ព័ន្ធយោធាណាតូក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ អតីតនាយករដ្ឋមន្ត្រីន័រវេសបាននិយាយថា យើងនឹងលើកទង់ជាតិប្រទេសហ្វាំងឡង់ជាលើកដំបូងនៅទីនេះ នៅទីស្នាក់ការសម្ព័ន្ធយោធាណាតូ។ វានឹងក្លាយជាថ្ងៃដ៏ប្រសើរសម្រាប់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ សម្រាប់សន្តិសុខប្រទេសនៅអឺរ៉ុបខាងជើង និងសម្រាប់ប្រទេសសម្ព័ន្ធណាតូទាំងអស់។ លោក Stoltenberg និយាយថា ទួរគីដែលជាប្រទេសចុងក្រោយរបស់សម្ព័ន្ធយោធា NATO ដែលបានផ្តល់សច្ចាប័នលើសមាជិកភាពរបស់ហ្វាំងឡង់ នឹងប្រគល់ឯកសារផ្លូវការរបស់ខ្លួនទៅឱ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ពួកយើង។ សម្រាប់ប្រទេសហ្វាំងឡង់ គោលបំណងដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំគឺដើម្បីបញ្ជាក់ពីការគាំទ្ររបស់ណាតូចំពោះអ៊ុយក្រែន ខណៈរុស្ស៊ីបន្តការវាយលុកដោយខុសច្បាប់របស់ខ្លួន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយថា ទីក្រុងមូស្គូនឹងឆ្លើយតបចំពោះប្រទេសហ្វាំងឡង់ ដែលក្លាយជាសមាជិកណាតូដោយការពង្រឹងការការពាររបស់ខ្លួន។ លោក Grushko បាននិយាយថា យើងនឹងពង្រឹងសក្តានុពលយោធារបស់យើងនៅភាគខាងលិច និងនៅភាគពាយ័ព្យ។ ក្នុងករណីមានការដាក់ពង្រាយកងកម្លាំងរបស់សម្ព័ន្ធយោធាណាតូផ្សេងទៀត នៅលើទឹកដីប្រទេសហ្វាំងឡង់ យើងមានចំណាត់ការបន្ថែមទៀតដើម្បីធានាបានសន្តិសុខយោធារបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន