រុស្ស៊ី៖ ការរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័របានអង្រួនតំបន់ឆ្នេរភាគខាងកើតប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ប៉ុន្តែក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីនិយាយថា គ្មានរលកយក្សស៊ូណាមិកើតឡើងនោះទេ ហើយក៏គ្មានគ្រោះថ្នាក់ភ្លាមៗ ឬការខូចខាតនោះដែរ។
យោងតាមការអះអាងរបស់ក្រសួងសង្គ្រោះបន្ទាន់បានឲ្យដឹងថា ការរញ្ជួយដីនេះកើតឡើងនៅចម្ងាយប្រហែល ៤៤គីឡូម៉ែត្រភាគខាងត្បូងតំបន់ Petropavlovsk-Kamchatsky ស្ថិតតាមបណ្ដោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកក្នុងជម្រៅដី ១០០គីឡូម៉ែត្រ។ រូបភាពវីដេអូឃ្លីបពីឧបទ្វីប Kamchatka ស្ថិតនៅចម្ងាយប្រហែល ៦.៨០០គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ ឃើញស្នាមប្រេះនៅលើជញ្ជាំងអគារ និងដបបែកនៅក្នុងផ្សារទំនើប បន្ទាប់ពីធ្លាក់ដោយសាររញ្ជួយដី ប៉ុន្តែមិនមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ។
ក្រសួងសង្គ្រោះបន្ទាន់និយាយថា ក្រុមជួយសង្គ្រោះ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងពិនិត្យអគារ។ ក្រុមសាក្សីបានសារភាពថា ពួកគេខ្លាច។ ឪពុកម្តាយព្យាយាមនាំកូនៗរបស់ពួកគេទៅកាន់ទីសុវត្ថិភាព ខណៈដែលម្ចាស់សត្វចិញ្ចឹមព្រួយបារម្ភពីសត្វរបស់ពួកគេ។ ពលរដ្ឋមួយរូបរស់នៅឧបទ្វីប Petropavlovsk និងសុំមិនបញ្ចេញឈ្មោះរបស់នាងនិយាយថា អ្នកខ្លះប្រៀបធៀបការរញ្ជួយដីកាលពីថ្ងៃចន្ទនៅឧបទ្វីបរុស្ស៊ី ទៅនឹងការរញ្ជួយដ៏គ្រោះថ្នាក់ដែលបានបំផ្លិចបំផ្លាញប្រទេសទួរគីកាលពីដើមឆ្នាំនេះ៕
អត្ថបទ៖ សារ៉ាត់