ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកផ្តល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ទាំងការវិនិយោគដោយផ្ទាល់ ការចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងឯកជន។
លោក M. Arsjad Rasjid P.M. ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី លើកឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជាផងដែរ ដែលកន្លងមកមានក្រុមហ៊ុនមួយចំនួនបានមកបណ្តាក់ទុនរួចហើយ សំដៅរួមចំណែកដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលបានគិតគូរក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ានរបស់ផ្នែកឯកជន ដោយបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត ដែលប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើវិនិយោគ និងធុរកិច្ចក្នុងវិស័យសំខាន់។
បន្ថែមពីនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី លើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, សុខាភិបាល, សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។
ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជក់ថា តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលនយោបាយទាក់ទាញវិនិយោគចំគោលដៅ ដូចមានក្នុងខ្លឹមសារច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា, ទាក់ទិនការវិនិយោគ បើគិតត្រឹមខែ មីនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើរសុំវិនិយោគពីឥណ្ឌូនេស៊ីមានចំនួន ២២ គម្រោង មានទំហំទឹកប្រាក់ប្រមាណ ៦៩ លានដុល្លារអាមេរិក ក្នុងនោះមានការវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម, ចំណែកពាក់ព័ន្ធការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ មានទឹកប្រាក់ជាង ១៨៧ លានដុល្លារ កើនឡើងជាង ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី




